ព័ត៌មានជាតិ

សម្ដេចក្រឡាហោម​ ស​ ខេង​ ប្រាប់អាជ្ញាធរពាក់ព័ន្ធនៅខេត្តសៀមរាប ឱ្យថែរក្សាការពារបេតិកភណ្ឌជាតិ

image


សៀមរាប៖​ សម្ដេចក្រឡាហោម​ ស​ ខេង​ នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប និងអង្គភាពនគរបាលការពារបេតិកភណ្ឌ បន្តសហការជិតស្និតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សាការពារបេតិកភណ្ឌជាតិ។ ការណែនាំដូចនេះ​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ប្រារព្ធនៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ។

សម្តេចក្រឡាហោម​ ស​ ខេង​ បានណែនាំឱ្យសមត្ថកិច្ច​ ធ្វេីកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការបង្ការទប់ស្កាត់​ និងបង្ក្រាបអំពើខុសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបូរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចប្លន់ ការទិញលក់ ការដឹកជញ្ជូន ដោយបញ្ជូនជនល្មើស និងវត្ថុតាងទៅតុលាការចាត់វិធានការតាមច្បាប់។​ ក្រៅពីនេះ​ ត្រូវពិនិត្យការរៀបចំកំណត់ទីតាំងឈរជើងការពារជាអាទិភាពជាថ្មី និងការចល័តយាមល្បាតពង្រឹងការឃ្លាំមើល មិនអនុញ្ញាតឱ្យមានការចេញចូលតំបន់ហាមឃាត់ជាអាទិភាពនានាចំពោះបុគ្គលិកទាំងឡាយណាដែលពុំមានភារកិច្ច និងគ្មានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ពិសេសនៅពេលយប់តាមចំណុចសំខាន់ៗនៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត សំដៅឆ្លើយតបការអភិវឌ្ឍរីកចម្រើន និងស្ថានភាពប្រែប្រួលស្មុគស្មាញនៃបទល្មើសនានា។

សម្តេចក្រឡាហោម ក៏បានផ្ដល់អនុសាសសន៍ដល់អង្គភាពនគរបាលការពរបេតិកភណ្ឌបង្កើនការអប់រំ និងពង្រឹងសីលធម៌ វិន័យកងកម្លាំង និងមនសិការវិជ្ជាជីវៈ ស្រលាញ់បេតិកភណ្ឌវប្បធម៌ជាតិ សំដៅបង្ការ និងកាត់បន្ថយការចូលរួមប្រព្រឹត្តអំពើអនាធិបតេយ្យនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជាការបោះទីតាំងស្នាក់នៅ ទីកន្លែងធ្វើអាជីវកម្ម និងសកម្មភាពទាំងឡាយណាដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបានសុំការអនុវត្តស្របច្បាប់ពីអាជ្ញាធរជាតិអប្សរា។

សម្ដេចក្រឡាហោម ស ខេង បានលេីកឡេីងថា​ អគារថ្មីរបស់អង្គភាពនគរបាលការពារបេតិកភណ្ឌនេះពិតជារៀបចំបានស្អាតតាមរចនាបទប្លង់ស្ថាបត្យកម្មខ្មែរសាមញ្ញ ប៉ុន្តែបានបង្កប់នូវភាពថ្លៃថ្នូរ សក្ដិសមជាសមិទ្ធផលថ្មី និងជួយបង្កើនសោភ័ណ្ឌភាពរមណីយដ្ឋាន​ និងភាពថ្លៃថ្នូរព្រមទាំងផាសុខភាពជូនកងកម្លាំងនគរបាលការពារបេតិកភណ្ឌ។

សម្ដេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក ភ្នាក់ងារ ពលករ ឆ្មាំ មន្រ្តីរាជការ និងថ្នាក់ដឹកនាំទាំងអស់នៃអាជ្ញាធរជាតិអប្សរាក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ជាពិសេសគំនិតផ្ដួចចផ្ដើមសិក្សារៀបចំ និងកែលម្អថ្មីជាមួយនឹងការលេចឡើងសមិទ្ធផលជាច្រើន​ និងបានកោតសរសើរអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះនគរបាលបេតិកភណ្ឌប្រចាំតំបន់អង្គរសម្រាប់ការយកចិត្តទុកដាក់បំពេញភារកិច្ចថែរក្សាការពារបេតិកភណ្ឌ និងសម្បត្តិវប្បធម៌ជាតិ។

ជាមួយគ្នានេះ​ លោកស្រី​ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើរបាយការណ៍ស្វាគមន៍សម្ដេចក្រឡាហោម និងអង្គពិធីថា​ អគារថ្មីនេះ ជាសមិទ្ធផលថ្មីមួយទៀតកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលការពារបេតិកភណ្ឌ ក្រោមការគាំទ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

លោកស្រីរដ្ឋមន្រ្តីបន្តថា អគារថ្មីរបស់អង្គភាពនគរបាលការពារបេតិកភណ្ឌនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីដោះស្រាយគោលនយោបាយរួមរបស់អាជ្ញាធរជាតិអប្សរា ដែលមានផ្ទៃក្រឡាសរុប​ ១៩ ៩៤៧ម៉ែត្រការ៉េ មានតម្លៃសរុបប្រមាណ​ ៧ប៊ីលាន ១៩៨លានរៀល ជាថវិកាបានមកពីមូលនិធិអភិរក្សឆ្នាំ២០១៨នៃអាជ្ញាធរជាតិអប្សរា៕

អត្ថបទ៖​ ម៉ៅ​ នរិទ្ធិយ៉ា