សង្គម

រដ្ឋបាលខេត្តកំពង់ឆ្នាំង មានគម្រោងបង្កើតភូមិទេសចរណ៍ និងរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងស្រុកទឹកផុស ឲ្យកាន់តែមានភាពទាក់ទាញ

image


កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង មានគម្រោងបង្កើតភូមិទេសចរណ៍ និងរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅក្នុងស្រុកទឹកផុស ឲ្យកាន់តែមានភាពទាក់ទាញខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកលេងកម្សាន្ត។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបញ្ជាក់ពីគម្រោងបង្កើតភូមិទេសចរណ៍ និងរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅក្នុងស្រុកទឹកផុសនេះ នៅក្នុងឳកាសដែលលោកអញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ១ខ្សែ នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា នៅក្នុងស្រុកទឹកផុស មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែងដូចជា តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទុម្ព ឃុំជៀប, តបន់ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយ ស្ថិតនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក និងតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុលសែនជ៏យ ឃុំក្តុលសែនជ័យ។ តំបន់ទេសចរណ៍ ទាំង៣ទីតាំងនេះ មានភាពស្រស់ស្អាតបែបធម្មជាតិ និងមានសក្តានុពល សម្រាប់វិស័យទេសចរ ណ៍នៅក្នុងខេត្តកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀតនោះ រដ្ឋបាលខេត្តមានគម្រោងបង្កើតជាភូមិទេសចរណ៍ ស្ថាបនាផ្លូវក្រាលកៅស៊ូ និងរៀបចំតំបន់ទេសចរណ៍ទាំង ៣គោលដៅនេះ ឲ្យបានកាន់តែល្អជាងមុន។
សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំង មានតំបន់ទេសចរណ៍ ចំនួន ២៤កន្លែង ក្នុងនោះរមណីយដ្ឋានទេសចរណ៍ធម្មជាតិមាន ១៤កន្លែង និងរមណីយដ្ឋានទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ចំនួន ១០កន្លែង៕

អត្ថបទ៖ ហឹង ចូច