អភិបាលខេត្តរតនគិរី ណែនាំដល់កងកម្លាំងការពារព្រំដែននៅតំបន់មុំ៣កន្ទុយនាគ កម្ពុជា-វៀតណាម-ឡាវ ខិតខំបំពេញភារកិច្ចបន្ថែមទៀត
រតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តណែនាំដល់កងកម្លាំងការពារព្រំដែននៅតំបន់មុំ៣កន្ទុយនាគ ខិតខំបំពេញភារកិច្ចបន្ថែមទៀត ដើម្បីការអភិវឌ្ឍប្រទេសជាតិរីកចម្រើន។
ការថ្លែងនេះរបស់ លោក ញ៉ែម សំអឿន នៅព្រឹកថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីប្រគល់ម៉ូតូម៉ាក វេវ ចំនួន៣គ្រឿងជូនអង្គភាពចំនួន៣ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំ៣កន្ទុយនាគ(កម្ពុជា-វៀតណាម-ឡាវ) ។ ក្នុងនោះអង្គភាព យោធា១គ្រឿង អង្គភាពនគរបាល
១គ្រឿង និងអង្គភាពឧទ្យាននុរក្ស១គ្រឿង។
ក្នុងឱកាសនេះដែរមេបញ្ជាការកងកម្លាំងទាំងបី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្ត ដែលយកចិត្តទុកដាក់គិតគូរដល់កងកម្លាំងនគរបាលការពារព្រំដែនដោយបានផ្តល់ម៉ូតូ១គ្រឿង ដើម្បីជាមធ្យោបាយជិះបម្រើការងារការពារសន្តិសុខជូនជាតិ និងប្រជាពលរដ្ឋ៕
អត្ថបទ៖ប៉េស សារី




