លោក ឡូយ សុផាត ដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនកិច្ច ស្វែងយល់ពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង
ភ្នំពេញ ៖ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ព្រមទាំងគណៈប្រតិភូ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញទស្សនៈកិច្ច ទៅមកកាន់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង។
លោក Uematsu Hiroshi នាយកប្រតិបត្តិ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនឯកឧត្តម និងគណៈប្រតិភូ ដែល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកទស្សនកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។
លោកបានបន្ថែមថា កាលពី១៥ឆ្នាំមុន ដែលលោកទើបតែមកដល់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញនេះ គឺទីនេះមិនមានអ្វីទាំងអស់ គឺមានសត្វគោច្រើន ជាងមនុស្សទៅទៀត។ ប៉ុន្តែដោយមានការជួយជ្រោមជ្រែង ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនបានដំណើរការអភិវឌ្ឍន៍ មកដល់សព្វថ្ងៃនេះ ដែលទទួលការវិនិយោគ ចំនួនប្រមាណ១០០ក្រុមហ៊ុន ដែលមានចំនួនកម្មករ ប្រមាណ៤ម៉ឺននាក់ មកពីខេត្តនានា ដោយមានកន្លែងស្នាក់នៅ និងអាហារដ្ឋានផងដែរ។
លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ថា បេសកកម្មចម្បង របស់ក្រុមហ៊ុន គឺព្យាយាមធ្វើយ៉ាងណា ឲ្យមានការវិនិយោគកាន់តែច្រើន ពីសំណាក់ប្រទេសជុំវិញពិភពលោក រួមមាន៖ ប្រទេសជប៉ុន ចិន អាមេរិក និងប្រទេសផ្សេងៗទៀត។ ការងារមួយផ្សេងទៀតនោះ គឺព្យាយាមធ្វើយ៉ាងណា ឲ្យមានការវិនិយោគនៅក្នុងច្រើនវិស័យ មិនត្រឹមតែវិស័យកាត់ដេរទេ គឺមានថែមទៅលើវិស័យអគ្គិសនី ផលិតគ្រឿងអេឡិចត្រូនិច គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ចំណីសត្វ និងផលិតផលដទៃទៀត ដោយក្រុមហ៊ុន ក៏មិនមែនព្យាយាមទាក់ទាញ តែក្រុមហ៊ុនវិនិយោគធំៗនោះទេ ក្រុមហ៊ុនកម្រិតមធ្យម និងធុនតូច ក៏ព្យាយាមទាក់ទាញមកផងដែរ។
តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ បានរៀបចំចប់សព្វគ្រប់ សម្រាប់អ្នកវិនិយោគទាំងឡាយ ក្នុងនោះមានស្ថានីផលិតថាមពលអគ្គិសនីឯករាជ្យ ដែលបម្រុង នៅពេលដែលអគ្គិសនីរដ្ឋ មិនដំណើរការ, មានប្រព្រឹត្តិកម្មទឹកស្អាត ដោយខ្លួនឯងផ្ទាល់, មានអាងប្រព្រឹត្តិកម្មទឹកកខ្វក់, មានផែស្ងួត ជួយការងារនាំចេញនាំចូល, មានបណ្ដាញអ៊ីនធឺណិត និងខ្សែទូរស័ព្ទ ដើម្បីសម្រួលដល់ការងារការិយាល័យ។ ក្រៅពីនោះ ក៏មាននូវការបញ្ជៀសហានិភ័យនានា ដូចជា រថយន្តពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់ជាដើម ដោយមានការសហការ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
ក្រុមហ៊ុនមកពីប្រទេសជប៉ុន បានឈរនៅកំពូលតារាង ក្នុងការវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ បន្ទាប់មកគឺក្រុមហ៊ុន មកពីប្រទេសចិន។
លោកនាយកប្រតិបត្តិ បានបញ្ជាក់ថា ដោយសារមានការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ស្ថានភាពនៃការនាំចេញ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ គឺនៅតែបន្តការកើនឡើង បើទោះបីជាមានការរាតត្បាតពីកូវីដ-១៩ ក៏ដោយ។
ក្នុងឱកាសនោះដែរ លោក ឡូយ សុផាត ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ចំពោះការរៀបចំទទួលស្វាគមន៍ នូវដំណើរទស្សនកិច្ចនេះ។
លោកបន្តថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ឯកឧត្តម ឡូយ សុផាត បានចាត់ទុកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ជាក្រុមហ៊ុនមួយដ៏ល្អ មានបទពិសោធន៍នៅក្នុងការគ្រប់គ្រង និងមានជំនឿចិត្តយ៉ាងខ្លាំង ពីសំណាក់ដៃគូនានា ក៏ដូចជាកម្មករ ដែលបម្រើការងារនៅទីនេះ។
លោក ឡូយ សុផាត បានធ្វើការកោតសរសើរ និងមានមោទនភាព ចង់ឃើញនូវសមិទ្ធផល វិស័យរោងចក្រ ដែលមិនត្រឹមតែការកាត់ដេរនោះទេ ពោលគឺមាននៅវិស័យផ្សេងៗទៀត។ លោកសង្ឃឹមថា ទៅពេលអនាគតតំបន់សេដ្ឋកិច្ចពិសេសនេះ និងពង្រីកសក្តានុពលបន្ថែមទៀត ដើម្បីកែច្នៃនិងប្រើប្រាស់ធនធានក្នុងស្រុក ដែលយើងអាចធ្វើបាន ដើម្បីជួយបង្កើនសេដ្ឋកិច្ច និងជួយឲ្យប្រជាជនកម្ពុជា មានការងារធ្វើ។
បើតាមប្រសាសន៍ លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងជាប្រធានរដ្ឋបាល តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន៤១តំបន់ ដោយបានបោះទុនជាង៥០០០លានដុល្លារអាមេរិក និងមានរោងចក្រ៦២០គម្រោង បង្កើតការងារចំនួន១៧ម៉ឺននាក់។
លោកបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស បានដើរតួសំខាន់ណាស់ ក្នុងការធ្វើពិពិតកម្មសេដ្ឋកិច្ចរបស់កម្ពុជា។
សូមជម្រាបថា ក្នុងដំណើរទស្សនៈកិច្ចនេះ គណៈប្រតិភូ ដឹកនាំដោយឯកឧត្តម ឡូយ សុផាត បានអញ្ជើញពិនិត្យ និងស្វែងយល់ ពីរោងចក្រកាត់ដេរ Marvel Garment ដែលជារោងចក្រផលិតនៅសម្លៀកបំពាក់ធម្មតា និងសម្លៀកបំពាក់កីឡា ម៉ាកសញ្ញាល្បីៗនៅជុំវិញពិភពលោក៕
អត្ថបទ ៖ សន ពិសិដ្ឋ




























