ប្រធានធានាគារពិភពលោក David Malpass គ្រោងលាលែងពីតំណែងឆាប់ៗ
សហរដ្ឋអាម៉េរិក៖ ប្រធានធនាគារពិភពលោក លោក David Malpass នៅថ្ងៃពុធសប្តាហ៍នេះ បានលើកឡើងថា លោកនឹងចាកចេញពីមុខតំណែងជាប្រធានធនាគារ នៅចុងខែមិថុនា ឆ្នាំ២០២៣នេះ ។ ការសម្រេចចិត្តនេះ បានធ្វើឡើងនៅប៉ុន្មានខែបន្ទាប់ពីលោកបានប្រព្រឹត្តិកំហុសឆ្គង ដោយមិនបានបញ្ជាក់នៅចំពោះមុខសេតវិមាន ថាតើលោកព្រមទទួលយកការយល់ស្របខាងវិទ្យាសាស្ត្រស្តីពីការកើនឡើងកំដៅផែនដីឬយ៉ាងណា។
លោក Malpass ទទួលបានការតែងតាំងដោយអតីតប្រធានាធិបតី Donald Trump នឹងសម្រេចលាលែងពីតួនាទីនៅក្នុងធនាគារអភិវឌ្ឍន៍ពហុភាគី ដែលផ្តល់មូលនិធិរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ។ យ៉ាងណាក៏ដោយ មុននឹងចាកចេញ លោកនៅសល់ពេលតិចជាងមួយឆ្នាំក្នុងអាណត្តិរយៈពេល ៥ ឆ្នាំ។
បន្ថែមពីនេះ លោកមិនបានផ្តល់ហេតុផលជាក់លាក់សម្រាប់ការលាឈប់នេះទេ ដោយគ្រាន់តែបង្ហើបតាមរយៈសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីទទួលបានគំនិតល្អៗ លោកក៏បានសម្រេចចិត្តបន្តប្រឈមនឹងការប្រកួតប្រជែងថ្មីៗ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គលេខាធិការទេសាភិបាល លោកស្រី Janet Yellen បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងតែងតាំងអ្នកជំនួសតំណែងរបស់លោក Malpass ក្នុងពេលឆាប់ៗនេះ ហើយទន្ទឹងរង់ចាំក្រុមប្រឹក្សាភិបាលរបស់ធនាគារក្នុងកិច្ចការអនុវត្តឱ្យបានឆាប់រហ័សជុំវិញដំណើរការតែងតាំងប្រកបដោយតម្លាភាព និងផ្អែកលើគុណសម្បត្តិសម្រាប់ប្រធានធនាគារពិភពលោកថ្មី ។
ជាយូរអង្វែងណាស់មកហើយ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកជ្រើសរើសប្រធានធនាគារពិភពលោក ដំណាលគ្នានឹងមេដឹកនាំអឺរ៉ុបជ្រើសរើសមេដឹកនាំជាដៃគូធំរបស់ខ្លួន គឺមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។
សូមបញ្ជាក់ថា លោក Malpass បានឡើងកាន់តំណែងជាប្រធានធនាគារពិភពលោកក្នុងខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីបម្រើការជាមន្ត្រីកំពូលទទួលបន្ទុកកិច្ចការអន្តរជាតិនៅក្រសួងរតនាគារជាតិអាម៉េរិកក្នុងរដ្ឋបាលរបស់លោក Trump ។ ក្នុងឆ្នាំ២០២២ ធនាគារពិភពលោកបានប្តេជ្ញាចិត្តចំពោះការចំណាយថវិកាជាង ១០៤ ពាន់លានដុល្លារសម្រាប់គម្រោងផ្សេងៗនៅជុំវិញពិភពលោក នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect


