ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ
ភ្នំពេញ៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ក.យ.គ.) តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ព្រឹកថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាធិបតី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា។ សន្និបាតនេះ បានប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងប្រធាន អនុប្រធាន សមាជិកនៃគណៈដឹកនាំចលនាយុវជនស្មគ្រចិត្ត និងក្រុមការងារយុវជន ស.ស. យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន សរុបចំនួន៤៧៥នាក់។
នៅក្នុងឱកាសនោះដែរលោក ស សុខា បានគូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការមហាជនដ៏ធំមួយ បាននិងកំពុងបំពេញភារកិច្ចស្នូលយ៉ាងសកម្ម ក្នុងការកៀរគរនិងប្រមូលផ្តុំយុវជននៅគ្រប់ទិសទី ដោយមិនប្រកាន់ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
លោកបានបន្តថា -ក្រុមប្រឹក្សាយុវជនគ្រឹះ ស្ថានឧត្តមសិក្សា បានបន្តអនុវត្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មក្នុងក្របខណ្ឌគ្រឹះស្ថានឧត្តមសិក្សា រដ្ឋ និងឯកជន ក្នុងគោលដៅកៀរគរកម្លាំងយុវជនជានិស្សិត ឱ្យចូលរួមក្នុងសកម្មភាពនានា និងចូលជាសមាជិករបស់ ស.ស.យ.ក. បន្ថែមទៀត ព្រម ទាំងលើកកម្ពស់សមត្ថភាព អប់រំសីលធម៌ បណ្ដុះស្មារតីដល់យុវជនឱ្យស្រឡាញ់ជាតិ ស្រឡាញ់សន្តិភាព គាំទ្រលើគោលនយោ បាយ និងការដឹក នាំរបស់រាជរដ្ឋាភិបាល។
លោក ស សុខា បង្ហាញការកត់សម្គាល់ថាក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនក្នុងឆ្នាំដំបូងនាឆ្នាំ២០២១ ក្នុងស្ថានភាពដែលពិភពលោកទាំង មូលក៏ដូចជាប្រទេសកម្ពុជា បានជួបនូវវិបត្តិយ៉ាង ធ្ងន់ធ្ងរ ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែបានឈរលើស្មារតីទទួល ខុសត្រូវនិងការប្តេជ្ញាចិត្តខ្ពស់ ដោយ រិះរកគ្រប់មធ្យោបាយដើម្បីបំពេញភារកិច្ចសម្រេចជោគជ័យគួរឱ្យកត់សម្គាល់។
យោងតាមរបាយការណ៍ ក.យ.គ. ទោះបីជួបបញ្ហាប្រឈមមួយចំនួនបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ ក៏ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាបានបំពេញបេសកកម្មទទួលបានលទ្ធផលជោគជ័យជាង ៨១ ភាគរយនៃផែនការសកម្មភាពប្រចាំឆ្នាំ២០២២។
អង្គសន្និបាតជាមានជំនឿថាកត្តាដែលនាំឱ្យក្រុម ប្រឹក្សាទទួលបានលទ្ធផលល្អបែបនេះ គឺដោយ សារតែមានការគាំទ្រយ៉ាងមុតមាំពីសំណាក់ លោកប្រធាន ហ៊ុន ម៉ានី ព្រមទាំងមានការខិតខំបំពេញភារ កិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សា ការចូលរួមសហការយ៉ាងល្អពីគណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សា គណៈដឹកនាំចលនា យុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្ដមសិក្សារដ្ឋនិងឯកជនទាំងអស់ ដោយប្រកាន់ខ្ជាប់នូវស្មារតី២ធ្នូ និងគោលការណ៍ស្ម័គ្រចិត្ត។
យ៉ាងហោចណាស់មានលទ្ធផលការងារសំខាន់ៗចំនួន៥ត្រូវបាន ក.យ.គ. កត់សម្គាល់សម្រាប់ការ អនុវត្តការងារក្នុងឆ្នាំ២០២២។ អំពីការងារកិច្ច សហ ការ គឺក្រុមប្រឹក្សាបានធ្វើកិច្ចសហការល្អ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងអាណាព្យា បាលនៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រុមប្រឹក្សាសាកលវិទ្យា-ធិការនៃកម្ពុជា សមាគមសហព័ន្ធសិស្ស- និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រឹះស្ថានសិក្សារដ្ឋនិងឯកជន ព្រមទាំងគ្រឹះស្ថានសិក្សាផ្នែកគរុកោសល្យសរុបចំនួន១១៥ ដើម្បីបំពេញភារកិច្ចស្នូលនិងការធ្វើសកម្មភាពនានាជូន ស.ស.យ.ក.។
របាយការណ៍ឱ្យដឹងថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២២ ក.យ.គ. បានបញ្ចូលសមាជិកភាព តាម UYFC App សរុបចំនួន ៣៣ ៩៣៤នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមការងារបច្ចេកទេសបានសហការគ្នាកែលម្អនិងធ្វើបច្ចុប្បន្នកម្មនៃប្រព័ន្ធចុះឈ្មោះ ឱ្យដំណើរការដោយរលូន និងមានលក្ខណៈល្អប្រសើរ ស្របតាមតម្រូវការជាក់ស្ដែងដើម្បីសម្រួលដល់ការចុះឈ្មោះឱ្យបានលឿន និងប្រកបដោយប្រសិទ្ធ ភាព ព្រមទាំងធានាបាននូវសុវត្ថិភាពនៃការគ្រប់ គ្រងទិន្នន័យផងដែរ។
ក្នុងឆ្នាំ២០២២កន្លងទៅនោះដែរ ក.យ.គ. បានធ្វើកិច្ចសហការល្អជាមួយគ្រឹះស្ថានឧត្តមសិក្សានានា ដើម្បីអភិវឌ្ឍសមត្ថភាពដល់យុវជន តាមរយៈការរៀបចំសិក្ខាសាលាចំនួន១៧២លើក បាឋកថា ចែករំលែកបទពិសោធ៧៦លើក និងបើកវគ្គបណ្តុះបណ្តាលនានាចំនួន៨៩វគ្គ ដោយភ្ជាប់ Logo ស.ស.យ.ក.។
បន្ថែមលើនេះ ក.យ.គ. បានទទួលអាហារូប ករណ៍ពី២៩គ្រឹះស្ថានឧត្តមសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៩៥០កន្លែង។ ក.យ.គ. ក៏បានដឹកនាំបំផុសស្មារតី ជំរុញនិងលើកទឹកចិត្តយុវជននៅតាមគ្រឹះស្ថានឧត្តមសិក្សា ឱ្យស្រឡាញ់ការពារ ថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ៕
ដោយ៖ វង សុភ័ក្ត្រ




