ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាយោធា Lockheed គ្រោងបង្កើនការផលិតប្រព័ន្ធកាំជ្រួចផ្លោងហ៊ីម៉ាសដើម្បីបំពេញតម្រូវការក្នុងសង្គ្រាមអ៊ុយក្រែន

image


សហរដ្ឋអាម៉េរិក៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយោធា Lockheed Martin របស់សហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបង្កើនផលិតកម្មប្រព័ន្ធកាំជ្រួចផ្លោងហ៊ីម៉ាស (HIMARS) របស់ខ្លួនបន្ថែមទៀត ដើម្បីបំពេញតម្រូវការចាំបាច់បន្ថែម នៅបន្ទាប់ពីគ្រឿងសព្វាវុធដ៏ទំនើបមួយនេះ បានបង្ហាញពីអនុភាពរបស់ខ្លួនគួរឱ្យស្ញប់ស្ញែងនៅក្នុងសង្គ្រាមអ៊ុយក្រែន ។

គេទទួលស្គាល់ជាទូទៅថា ប្រព័ន្ធកាំជ្រួចផ្លោងចល័តហ៊ីម៉ាស ផលិតឡើងដោយរោងចក្រដែលមានទំហំផ្ទៃដីជិត ៣ហិចតារបស់ក្រុមហ៊ុន Lockheed Martin ក្នុងរដ្ឋ Arkansas សហរដ្ឋអាម៉េរិក ថាជាគ្រឿងសព្វាវុធដ៏ទំនើបបំផុតមួយរបស់សហរដ្ឋអាម៉េរិកដែលបានជួយឱ្យអ៊ុយក្រែនអាចមានសមត្ថភាពទប់ស្កាត់អំពើឈ្លានពានរបស់រុស្ស៊ី ។

បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាយោធា Lockheed Martin បានកំណត់គោលដៅផលិតកម្មរបស់ខ្លួនសម្រាប់ប្រព័ន្ធហ៊ីម៉ាសបន្ថែមសរុបចំនួន ៩៦គ្រឿងក្នុងមួយឆ្នាំ ពោលគឺមានចំនួនកើនឡើងប្រមាណជាង ៤០% ធៀបនឹងឆ្នាំមុន ដំណាលគ្នានឹងក្រុមប្រទេសលោកខាងលិច រួមមាន ប៉ូឡូញជាដើមដែលទើបប្រកាសបញ្ជាទិញប្រព័ន្ធកាំជ្រួចផ្លោងមួយនេះចំនួន១៨គ្រឿង កាលពីខែកុម្ភៈ ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect