ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង និងសភាពាណិជ្ជកម្មខេត្តបាត់ដំបង បើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មលើកដំបូង ក្រោមប្រធានបទ «យើងរួមគ្នាជំរុញទីផ្សារផលិតផល ខេត្តបាត់ដំបង»

image


បាត់ដំបង៖​ សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធាន បានដឹកនាំវិស័យឯកជននៅកម្ពុជាលើគ្រប់វិស័យ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣​ ដោយមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម គាំទ្រដោយសហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ សភាពាណិជ្ជកម្មកម្ពុជា សហការគ្នាជាមួយរដ្ឋបាលខេត្តបាត់ដំបង និងសភាពាណិជ្ជកម្មខេត្តបាត់ដំបង បើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មលើកដំបូង​ នៅបរិវេណផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង។

សម្ពោធពិព័រណ៍ពាណិជ្ជកម្ម​នេះ​ ក្រោមវត្តមាន លោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូរអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ផេង សិទ្ធី អភិបាលរងខេត្ត តំណាង លោក សុខ លូ អភិបាលខេត្តបាត់ដំបង ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង។

លោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូរអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីសម្ភោធពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៣ ថា​ ទាក់ទងនឹងប្រធានបទនៃពិព័រណ៍ «យើងរួមគ្នា ជំរុញទីផ្សារផលិតផលខេត្តបាត់ដំបង» រៀបចំ នាពេលនេះ ជាសក្ខីកម្មនៃកិច្ចសហប្រតិបត្តិការួមគ្នា ដែលក្រសួងពាណិជ្ជកម្មបានអនុវត្តនាពេលកន្លងមក ក្រោមគម្រោង «ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច» ហៅកាត់ថា AIMS ដែលមានខេត្តបាត់ដំបង ទទួល អនុវត្តការងារជាមួយខេត្តដទៃទៀតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ គោលដៅនៃគម្រោងគឺ បង្កើនកម្រិតជីវភាពកសិករក្រីក្រ សមាគមអាជីវកម្ម សហគមន៍កសិកម្ម និងសហគ្រាសធុនតូច និងមធ្យម គ្របដណ្តប់លើខេត្ត ចំនួន១៨ ដែលផ្តោតសំខាន់លើការអភិវឌ្ឍខ្សែច្រវាក់តម្លៃ អភិវឌ្ឍទីផ្សារ បង្កើនចំណូលកសិករខ្នាតតូច អភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ផ្ដោតលើមុខទំនិញសំខាន់ៗដូចជា ស្រូវ ដំឡូងមី មាន់ស្រែ បន្លែ និងផលិតផល​ សូត្រឆៅ ដែលរហូតមកទល់ពេលនេះ មានកសិករចំនួន ៧៧,៦០៨គ្រួសារហើយ ដែលបានទទួលផលពីគម្រោងនេះ។

លោកក៏បានរំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម២០២៣ នេះ ពាណិជ្ជករ និងផលិតករក្នុងស្រុក និងបានផ្លាស់ប្ដូរកិច្ចការធុរកិច្ចគ្នាទៅវិញទៅមក និងប្រើប្រាស់ឱកាសឱ្យអស់លទ្ធភាពដើម្បីឱ្យបេសកកម្មមួយនេះ ទទួលលទ្ធផលជាផ្លែផ្កា។

ជាមួយគ្នានេះ​ លោក​ ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបងបានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍នៅថ្ងៃនេះ ពិតជាសំខាន់ដែលអាចឱ្យមានការភ្ជាប់ទីផ្សារ បណ្តាញអាជីវកម្មរវាង អាជីវករ និងអាជីវករ ធ្វើការផ្លាស់ប្ដូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក។ កន្លងមក រដ្ឋបាលខេត្តបាត់ដំបង មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធផ្សេងទៀត ដែលមានការគាំ ទ្រពីរដ្ឋបាលខេត្ត បានជំរុញអាជីវករក្នុងខេត្តនាំយកផលិតផលទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មតាម បណ្តារាជធានី-ខេត្ត និងក្រៅប្រទេស ដើម្បីជំរុញផលិតផលក្នុងខេត្តអាចផលិតប្រកួតប្រជែងបាន និងជំរុញឱ្យមានទីផ្សារក្នុង និងក្រៅស្រុក។ ទន្ទឹមនេះមន្ទីរក៏បានជំរុញតាមរយៈព្រឹត្តិការណ៍នានាក្នុងខេត្ត និងតាមរយៈផ្សារចុងសប្តាហ៍ ដែលមានការគាំទ្រពីរដ្ឋបាលខេត្តបាត់ដំបងផងដែរ។

ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នេះគឺជា សកម្មភាពថ្មីមួយ របស់សភាពាណិជ្ជកម្មកម្ពុជា ដែលបានចុះអនុវត្តការងារផ្ទាល់នៅមូលដ្ឋាន ដោយ ផ្ដោតលើការពង្រឹងរចនាសម្ពន័្ធទីផ្សារ តាមរយៈការប្រមូលកៀងគរផលិតផល និងសេវា ដែលសមាជិកសភាពាណិជ្ជកម្មរាជធានី-ខេត្ត ផលិតបានមកដាក់បង្ហាញចូលក្នុងទីផ្សារ ដែលកាលពីអំឡុងពេលស្ថិតក្នុងវិបត្តិកូវីដ-១៩ កន្លងទៅ ធ្វើការមិនបានជួបមុខគ្នាផ្ទាល់ ឬធ្វើការតាមប្រព័ន្ធអនឡាញ ដោយផ្តោតសំខាន់លើការកៀងគរវិនិយោគពីខាងក្រៅ ចូលមកប្រទេសកម្ពុជា ផ្តោតលើយន្តការពង្រឹងស្ថាប័ន ការកសាងធនធានមនុស្សទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ និងក្នុងនាមជាដៃគូសហការ ដែលមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាលកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា បានយល់ច្បាស់ពីបញ្ហាប្រឈម និងឧបសគ្គរារាំងមួយចំនួន របស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុក ក្នុងការចូលរួមប្រកួតប្រជែងចូលទីផ្សារ។ ថ្ងៃនេះពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ ក្រោមប្រធានបទ«យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង» ដែលជាវេទិកាដ៏សំខាន់ សម្រាប់ផលិតករ ពាណិជ្ជករ សហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្តបាត់ដំបង រួមទាំងភ្ញៀវកិត្តិយសមកពីរាជធានី-ខេត្តផ្សេងៗ បានមកចូលរួមសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក តាមរយៈការដាក់តាំងបង្ហាញ ផលិតផល និងសេវាជូនភ្ញៀវទស្សនា ការអញ្ជើញឱ្យអ្នកតាំងពិព័រណ៍ទាំងអស់ ចូលរួមក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះ យោបល់ រយៈពេល ៣ថ្ងៃ ក្រោមប្រធានបទផ្សេងៗពីគ្នា ទាក់ទងនឹងផលិតកម្មជំរុញទីផ្សារ ពង្រឹងការគ្របគ្រង ក្រុមហ៊ុន សហគ្រាស និងការអភិវឌ្ឍផលិតផលជាដើម។

ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មពាណិជ្ជកម្ពុជា ២០២៣នាពេលនេះ ជាការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋានផង និងក្នុងការជួយសម្រួលចរន្តទីផ្សារជូនសមាជិក សមាជិការសភាពាណិជ្ជកម្មផង ដែលកន្លងមកបានជួបប្រទះនូវការលំបាកមួយចំនួនទាំងការជ្រៀតចូលទីផ្សារ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផលិតកម្មដែលជាការលំបាកក្នុងការប្រកួតប្រជែង។

សូមរំឭកថា​ ព្រឹត្តិការណ៍នេះកើតឡើងបាន ដោយទទួលបានការចូលរួមឧបត្ថម្ភពី ធនាគា វីង (ខេមបូឌា) ម.ក, ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវឺរី, កំពង់ផែស្វ័យ័តភ្នំពេញ,​ AIA life Insurance PLC, Phou Puy Investment Co., Ltd, ធនាគាព្រីនស៍ ម.ក, ធនាគាពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ក្រុមហ៊ុន យី តាក់ គ្រុប, AMRU Rice Co.,Ltd, AMK Finance Institute Plc, ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន ១២១ សបភីង ឯ.ក, BS Land & Home Co.,Ltd, East Land And Home Co.,Ltd, FORTE Insurance Plc និងបៃតងកម្ពុជា ដែលបានឧបត្ថម្ភក្នុងព្រឹត្តិកាណ៍នេះឱ្យលេចចេញជារូបរាងឡើង ជាពិសេសរដ្ឋបាលខេត្តបាត់ដំបង និងសភាពាណិជ្ជកម្មខេត្តបាត់ដំបងចំពោះការប្ដេជ្ញាចិត្តរៀបចំព្រឹត្តិការណ៍ពិព័រណ៍លើកទីមួយរបស់សភាពាណិជ្ជកម្មកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការពិព័រណ៍ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ទី១២ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណផ្សារ ភួ ពុយ ខេត្តបាត់ដំបង។ នៅក្នុងព្រឹត្តិការណ៍នេះ​ នឹងមានដាក់តាំងបង្ហាញផលិតផលខ្មែរ កម្មវិធីជំនួបពាណិជ្ជកម្ម កម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើន៕
ដោយ៖​ អ៊ុន​ ផាន់ណាត់