សង្គម

វឌ្ឍនភាពសំណង់ «ភូមិខ្ញុំ» នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ សម្រេច​៨០%

image

អត្ថបទ៖ ជា ស្រស់
សៀមរាប៖ អ្នកទទួលខុសត្រូវ បានឲ្យដឹងថា គិតត្រឹមថ្ងៃ១៥ ខែមីនា ឆ្នាំ២០២៣នេះ ការសាងសង់ សំណង់«ភូមិខ្ញុំ» នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ សម្រេចបានប្រមាណ៨០%ហើយ។

អ្នកទទួលខុសត្រូវម្នាក់នៃការដ្ឋានសាងសង់«ភូមិខ្ញុំ» បានប្រាប់CNC ដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា «ភូមិខ្ញុំ»ជាកម្មវិធីមួយនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលបានរៀបចំឡើង ដើម្បីបង្ហាញអំពីទិដ្ឋភាពខ្លះៗ នៃភូមិខ្មែរសម្រាប់ឱ្យអ្នកទស្សនាជាតិ និងអន្តរជាតិ បានឃើញ នឹងនឹកដល់ជីវភាពសុខសាន្ត នៃប្រជាពលរដ្ឋខ្មែរ តាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាក្ដីស្រមៃក្តីសង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា។

លោករៀបរាប់ថា នៅឆ្នាំ២០២៣នេះ កម្មវិធី«ភូមិខ្ញុំ» បានបង្កើតឡើងក្រោមប្រធានបទ «ភូមិខ្ញុំភូមិសុខសាន្ត» ដែលមានទីតាំង នៅខាងជើងប្រាសាទបាយ័ន លាតលើផ្ទៃដីបណ្ដោយពីជើងទៅត្បូងប្រវែង២០០ម៉ែត្រ និងទទឹងពីកើតទៅលិចប្រវែង៦០ម៉ែត្រ។ «ភូមិខ្ញុំ» បែរមុខទៅទិសខាងលិចទល់នឹងប្រាសាទភិមានអាកាស ដែលមានខ្លោងទ្វារពីរ នៅខាងមុខភូមិ រចនាតុបតែងដោយក្បូរក្បាច់រចនារបៀបខ្មែរគួរឱ្យទាក់ទាញ និងហ៊ុមព័ទ្ធដោយរបបឈើជុំវិញភូមិ។ លោកថានៅក្នុងភូមិនឹងរៀបចំតំបន់ តាំងបង្ហាញនូវពិព័រណ៍ អនុស្សាវរីយ៍រម្លឹកខួប១០ឆ្នាំ នៃព្រឹត្តិការណ៍ អង្គរសង្ក្រាន្តដែលមានវត្ថុយក្សជាច្រើនដូចជា អង្រុតយក្ស ចាប៉ីដងវែងយក្ស កន្ត្រងប្រហុកយក្ស មួកស្លឹកត្នោតយក្ស សំបុកនិងពងមាន់យក្ស គោមមផ្កាយយក្ស និងបំពង់ទឹកត្នោតយក្ស។ នៅកណ្តាលតំបន់នេះនឹងមានសាងសង់រោងធំ សមរម្យមួយ ដើម្បីដាំរូបថត រម្លឹកខួប១០ឆ្នាំនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ និងក្រុមការងារអាចស្នាក់នៅពេលបំពេញការងារផងដែរ។

លោកបន្តទៀតថា កម្មវិធី«ភូមិខ្ញុំ»នេះ មានសំណង់ផ្ទះខ្មែរបុរាណ ដែលមានដូចជា ផ្ទះសិល្បៈទស្សនីយភាព ផ្ទះសេដ្ឋី ផ្ទះនំ សាលាឆទាន និងផ្ទះចាក់ចេក។ ចំណែកផ្សារភូមិខ្មែរដែលមានលក់ម្ហូប អាហារ នំ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិ។ ឆាកតន្ត្រីបុរាណសម័យ និងសកម្មភាពសាសនារបស់អ្នកភូមិផងដែរ។ ជាងនេះទៅទៀត ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក នៅចំកណ្តាលភូមិនឹងរៀបចំរូបទន្សាយយក្ស តុបតែងលម្អដោយគោមភ្លើង ផ្កាភ្ញី និងទង់ជ្វាលាផ្សេងៗ។

សូមរម្លឹកថា យោងតាមអ្នកនាំពាក្យរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ លោក សោម រតនា បានឲ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តជានិមិត្តរូប នៃការជួបជុំបងប្អូន និងភាពសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ជាពិសេស ស្របពេលនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែរតែងតែជួបជុំបងប្អូនពីទីជិតទីឆ្ងាយ។ ព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៍«វត្ថុយក្ស» ដែលរៀបចំឡើងក្នុងខ្លឹមសារ អបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយពាំនាំត្រឡប់មកវិញនូវស្នាដៃយក្សក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុនៗ និងស្នាដៃដទៃទៀតដ៏គួរជាទីមោកភាពរបស់យុវជន ដោយរំលេចជាទស្សនីយភាពដ៏អស្ចារ្យ ក្នុងការរួមចំណែកលើកតម្កើង ស្នាដៃកូនខ្មែរក្រោមពាក្យស្លោក «ខ្មែរធ្វើបាន»។

ចំណែក កម្មវិធី«សួនមុនីហទ័យ» ​គឺជាកម្មវិធីមួយដែលបង្កើតឡើងក្នុងអត្តន័យប្រមូលផ្តុំនូវសារៈសំខាន់ និងភាពដ៏អស្ចារ្យនៃ សិល្បៈ ទំនៀមទម្លាប់ និងឥរិយាបថដ៏ប្រពៃរបស់ប្រជាជនខ្មែរ ក្នុងគោលបំណង បង្កើតបរិយាកាសជូនអ្នកចូលរួមឱ្យបានយល់ច្បាស់អំពីភាពថ្កើនថ្កាននៃសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ភាពទន់ភ្លន់ និងស្នាមញញឹមដ៏ថ្លៃថ្នូរប្រកបដោយភាពជឿជាក់ ជាពិសេសការផ្សារភ្ជាប់នូវក្តីស្រមៃ និងក្តីសង្ឃឹម និងភក្តីភាព របស់ប្រជាជនខ្មែរដែលមិនអាចបំភ្លេចបាន។

ដោយឡែក កម្មវិធី «ភូមិស៊ីហ្គេម» និង«អាស៊ានប៉ារ៉ាហ្គេម២០២៣» ជាកម្មវិធីផ្សព្វផ្សាយទូលំទូលាយ ពី ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» និងដើម្បីជាការចូលរួមចំណែកពីប្រជាជនកម្ពុជាគ្រប់រូបក្នុងការលើកតម្កើនមោទកភាពជាតិ ភាពដ៏សម្បូរបែប និងសក្តានុពលរបស់កម្ពុជាលើឆាកជាតិ និងអន្តរជាតិ៕