ខេត្តបាត់ដំបង បន្តស្ថាបនាផ្លូវកៅស៊ូមួយខ្សែលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីភ្ជាប់ការទំនាក់ទំនង និងសេដ្ឋកិច្ចជាតិ
បាត់ដំបង៖ ដើម្បីឆ្លើយតបតាមសំណូមពរនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្រោយរងវិបត្តិនៃជំងឺកូវីដ១៩ រួចមក រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានបន្តនិរន្តរភាពនៃការស្ថាបនាលើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចរូបសំណាកយាយទេព សង្កាត់អូរចារ ក្រុងបាត់ដំបង ទៅឃុំជ្រៃ ស្រុកថ្មគោល
ខេត្តបាត់ដំបង ។
ទីប្រឹក្សាសម្តេចក្រឡាហោមស ខេង និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា នៅក្នុងឱកាសដែលអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានដឹកនាំមន្ត្រីជំនាញតាមមន្ទីរ អង្គភាព និងស្ថាបននានាជុំវិញខេត្តបាត់ដំបង ចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលផ្លូវ ដែលកំពុងអនុវត្តលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបញ្ជាក់ថា ផ្លូវនេះគឺជាផ្លូវយុទ្ធសាស្ត្រមួយដ៏សំខាន់ក្នុងការតភ្ជាប់វិស័យសេដ្ឋកិច្ចមួយរវាងប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ឆ្ពោះទៅកាន់តំបន់ព្រំដែន និងបន្តទៅកាន់រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានការរីកចម្រើន ។
លោក បានបន្តថា កំណាត់ផ្លូវមួយខ្សែនេះត្រូវប្រើប្រាស់ថវិកាក្នុងការជួសជុលរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង សម្រាប់ផ្តល់ជូនជាចំណងដៃដល់ប្រជាពលរដ្ឋនាដើមឆ្នាំ២០២៣នេះ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗរបស់ប្រជាកសិករទៅកាន់ទីផ្សារបានទាន់ពេលវេលាផងដែរ។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានផ្តល់នូវការលើកទឹកចិត្តដល់ក្រុមការងារបច្ចេកទេសទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការស្ថាបនាឱ្យបានឆាប់រួចរាល់ និងឆ្លើយតបតាមស្តង់ដារបច្ចេកទេសបទដ្ឋាននៃច្បាប់ ដើម្បីការប្រើប្រាស់បានយូរអង្វែង ។
នៅក្នុងឱកាសនោះដែរ លោក អភិបាលខេត្តបាត់ដំបង បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមបើកបរប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ក្នុងពេលបើកបរមិនត្រូវសេពគ្រឿងស្រវឹង មិនត្រូវបើកបរហួសល្បឿនកំណត់ដែលច្បាប់បានកំណត់ ត្រូវពាក់ខ្សែក្រវ៉ាត់រាល់ពេលបើករថយន្ត និងពាក់មួកសុវត្ថិភាពគ្រប់ពេលក្នុងការបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ ជាពិសេសត្រូវមានសីលធម៌ ចេះអធ្យាស្រ័យឱ្យគ្នាក្នុងពេលបើកបរ ដើម្បីរួមគ្នាទប់ស្កាត់មិនឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយសូមចងចាំថា ការគោរពច្បាប់ចរាចរណ៍ គឺជាការគោរពជីវិតខ្លួនឯងនិងអ្នកដទៃ ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវលើកំណាត់ផ្លូវជាតិលេខ៥ នេះដែរ លោក អភិបាលខេត្តបាត់ដំបងនិងប្រតិភូអមដំណើរបានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ក្រុមកម្មករជួសជុលផ្លូវផងដែរ ៕
ដោយ៖ គួយ គឹមស៊ន










