ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីទទួលទេវតាឆ្នាំថ្មី នៅសួនច្បារសម្ដេចព្រះសង្ឃរាជ ជូន ណាត​ ដែលមានអ្នកទៅលេងរាប់ម៉ឺននាក់

image


កំពង់ស្ពឺ៖ ក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្តកំពង់ស្ពឺ​ អាជ្ញាធរក្រុង ស្រុក សង្កាត់ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធក្រោមឱវាទ និងប្រជាពលរដ្ឋ បានជួបជុំប្រារព្វពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំថោះ បញ្ជស័ក ព.ស. ២៥៦៧។​ នាឱកាសនោះ ក៏បានបួងសួងដល់ម្ចាស់ទឹក ម្ចាស់ដី​ សុំជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ឲ្យមានសេចក្តីសុខ ចម្រុងចម្រេីន និងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់ នៃសុខសន្តិភាព។

ក្នុងពិធីនោះដែរក៏មានការលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តបានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ ប្រជាពលរដ្ឋ និងក្រុមយុវជន ក៏ដូចរំឫកឡើងវិញពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តបានធ្វើឡើងក្នុងរយៈពេល១ឆ្នាំកន្លងទៅ ដើម្បីបម្រេីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ​ ការកសាងហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការលើកកម្ពស់បរិស្ថានសោភ័ណភាពក្នុងខេត្ត​ ជាដេីម។

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក៏ដូចជាក្រុមប្រឹក្សា បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជម្រះអស់នូវគ្រោះចង្រៃទាំងពួងដែលកើតមានពីឆ្នាំចាស់ឲ្យជ្រះស្រឡះ និងទទួលពរជ័យសិរីសួរស្តីពីទេវតាឆ្មាំថ្មីព្រះនាមកិមិរាទេវី ដែលជាបុត្រីទី៦របស់កបិលមហាព្រហ្ម ព្រមទាំងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។ សង្គ្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ បានចូលមកដល់នៅវេលាម៉ោង​ ៤:០០នាទីរសៀលថ្ងៃទី១៤ ខែមេសា ក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំគ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឲ្យដឹងថា​ នាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៣ ខេត្តកំពង់ស្ពឺ មានភ្ញៀវទេសចរលេងកម្សាន្ត កំពង់ស្ពឺសង្រ្កាន្ត   មានចំនួន​ ៥៧,៤៦២នាក់​ ភ្ញៀវទេសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅចំនួន​ ៧,១៥៨នាក់ និងភ្ញៀវទេសចសរុបមានចំនួន ៦៤,៦២០នាក់ និងភ្ញៀវទេសចអន្តរជាតិមានចំនួន​ ២,១០៥នាក់៕
អត្ថបទ៖​ ប៊ុត សារុន