អ្នកជំនាញកសិកម្មនៅខេត្តបាត់ដំបង លើកទឹកចិត្តឲ្យប្រជាកសិករដាំដំណាំបន្លែនៅក្នុងផ្ទះសំណាញ់ ដើម្បីកាត់បន្ថយនៃការជួបហានិភ័យខ្ពស់ នារដូវក្តៅហួតហែងខ្លាំង

បាត់ដំបង៖ ស្ថិតក្នុងស្ថានភាពអាកាសធាតុបាននឹងកំពុងតែឡើងកម្តៅខ្លាំង ដែលបានបង្កនូវផលអវិជ្ជមានជាបន្តបន្ទាប់ទៅដល់ប្រជាកសិករ ដែលកំពុងធ្វើការដំដុះដំណាំបន្លែផ្សេងៗ ជាពិសេសលើការប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពមានការខ្វះខាតនោះ តែសម្រាប់ការដាំដំណាំបន្លែគ្រប់ប្រភេទនៅក្នុងផ្ទះសំណាញ់របស់ប្រជាកសិករនោះគឺមិនទាន់មានការប៉ះពាល់ខ្លាំងដល់ផលដំណាំនោះជាលក្ខណៈធំដុំនៅឡើយនោះទេ ។
ប្រធានសហគមន៍កសិកម្មតាសី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង លោក ណុប ណុន បានបញ្ជាក់ថា សមាជិកសហគមន៍កសិកម្មតាសី មានដាំបន្លែក្នុងផ្ទះសំណាញ់រហូតមកដល់នឹងពេលនេះមានការវិវឌ្ឍន៍ រីកចម្រើនទៅមុខ ដោយបានធ្វើការពង្រីកផ្ទះសំណាញ់បានចំនួន២៦០ផ្ទះសំណាញ់ និងមានជាង១០០ខ្នងទៀតកំពុងតែធ្វើការសាងសង់ ហើយការដាំដំណាំទាំងនោះ បើទោះបីជាស្ថិតក្នុងស្ថានភាពនៃភាពក្តៅហួតហែងខ្លាំង តែមិនទាន់រងនូវផលប៉ះពាល់ខ្លាំងដលល់ផលដំណាំនោះទេ ជាពិសេសលើបញ្ហាកង្វះខាតទឹកសម្រាប់ស្រោចស្របព ។
លោក ប្រធានសហគមន៍កសិកម្មតាសី បានបញ្ជាក់ថា កាលពីមុនការដាំដំណាំបន្លែនៅតាមទីវាលមានការលំបាកខ្លាំង ដូចជាការរែកទឹកស្រោច ការកាប់ដី ការប្រើប្រាស់ជី ជាដើម ប៉ុន្តែបន្ទាប់ពីបានខិតខំកែប្រែការងារដាំដុះទាំងនៅតាមទីវាល មកដាំក្នុងផ្ទះសំណាញ់ ធ្វើឲ្យមានភាពងាយស្រួលទាំងការគ្រប់គ្រងជី ទឹក និងថ្នាំសម្លាប់សត្វល្អិតបានកាន់តែល្អប្រសើរជាងមុន ។
អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង លោក អ៊ិន សុវណ្ណមុនី បានទទួលស្គាល់ថា ការដាំដំណាំបន្លែនៅក្នុងផ្ទះសំណាញ់ គឺពិតជាជួបនូវហានិភ័យទាបបំផុត មានន័យថា ការដាំបន្លែក្នុងផ្ទះសំណាញ់ គឺយើងអាចគ្រប់គ្រងទឹក គ្រប់គ្រងជី និងការថែទាំបានល្អជាងការដាំដំណាំនៅលើទីវាល ។
លោកអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានសំណូមពរដល់ប្រជាកសិករទាំងអស់មុននឹងធ្វើការដាំដុះ ត្រូវគិតគូរពីប្រព័ន្ធទឹកសម្រាប់ស្រោចស្រពជាមុន ព្រោះទឹកគឺជាសរសៃឈាមក្នុងការដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ ។
ទន្ទឹមនឹងនោះ លោក អ៊ិន សុវណ្ណមុនី បានអំពាវនាវដល់ប្រជាកសិករទាំងអស់ បើមានជួបនឹងបញ្ហាលើផលដំណាំរបស់ខ្លួន សូមធ្វើការទំនាក់ទំនងជាមួយមន្ត្រីជំនាញនៅតាមក្រុង ស្រុក និងខេត្ត ដើម្បីមានវិធានការជួយសង្រ្គោះបានទាន់ពេលវេលា ដើម្បីទប់ស្កាត់នូវការខាតបង់ថ្លៃដើមផលិតឲ្យនៅទាបបំផុត ៕
ដោយ ៖ គួយ គឹមស៊ន
