ស្ដាតអូឡាំពិក ត្រៀមកៅអី ជិត៣ម៉ឺនកន្លែង ជាទីលានដែលបើកទទួលព្រឹត្តិការណ៍ស៊ីហ្គេម មុនគេ និងប្រកួតសន្សំពិន្ទុ
ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិអូឡាំពិក នឹងបើកទ្វារមុនគេ ដើម្បីទទួលការប្រកួត បើកឆាកលើប្រភេទកីឡា បាល់ទាត់ បុរស អាយុក្រោម ២២ឆ្នាំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិយុវជន អាយុក្រោម ២២ឆ្នាំ ឥណ្ឌូណេស៊ី ត្រូវប៉ះហ្វីលីពីន ជាគូបើកឆាកប្រភេទកីឡាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះជាការប្រកួតសន្សំពិន្ទុ មុនគេ ចេញពីពូល A ក្នុងចំណោម ៥ ក្រុម រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា។ ចំណែកនៅម៉ោង ៤ រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នោះ U22 របស់ម្ចាស់ផ្ទះកម្ពុជា ក៏ត្រូវប៉ះ U22 ទីម័រខាងកើត នៅម៉ោង ៧ យប់ថ្ងៃដដែល ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក តែមួយគត់ គ្រាដែលសំបុត្រចូល ទស្សនាពុំមានគិតថ្លៃឡើយ។
អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក កែវ សារ៉េត បានថ្លែងប្រាប់សារព័ត៌មានថា ទីលានបាល់ទាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានកៅអី ប្រមាណ ២៩.០០០ កន្លែង ក្នុងនោះ នៅទីតាំងចំហមាន ២៤.០០០ កន្លែង និងទីតាំងម្លប់ មានតែ ៥.០០០ កន្លែងប៉ុណ្ណោះ៕
អត្ថបទ៖ វឿន សាវុធ


