ក្រុមហ៊ុន Hozon របស់ចិនមួយទៀត នឹងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃ ដើម្បីផ្គត់ផ្គង់ទីផ្សារអាស៊ីអាគ្នេយ៍
បាងកក៖ ក្រុមហ៊ុន Hozon New Energy Automobile របស់ចិន នឹងផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃដើម្បីផ្គត់ផ្គង់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការអះអាងរបស់មន្ត្រីថៃបាននិយាយកាលពីសប្តាហ៍មុននេះ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Tipanan Sirichana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Hozon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមហាសន្និបាត Bangchan របស់ប្រទេសថៃក្នុងសប្តាហ៍នេះ ដើម្បីចាប់ផ្តើមការផលិតរថយន្តម៉ូដែល NETA V របស់ខ្លួន ដែលរំពឹងទុកចេញជារូបរាង្គនៅឆ្នាំ ២០២៤។
លោកស្រី Tipanan បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បានបើកដំណើរការរថយន្តម៉ូដែល NETA V របស់ខ្លួន នៅលើទីផ្សារប្រទេសថៃកាលពីឆ្នាំមុន ហើយគ្រោងនឹងចាប់ផ្តើមផ្តល់ជូននូវម៉ូដែល NETA U និង NETA S របស់ខ្លួននាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ចិនផ្សេងទៀតដូចជា BYD ក៏បានវិនិយោគបង្កើតរោងចក្រនៅប្រទេសថៃផងដែរ ដោយសារតម្រូវការកើនឡើងក្នុងចំណោមអ្នកប្រើប្រាស់ក្នុងស្រុកដែលជ្រើសរើសពីម៉ាកល្បីៗដូចជា Great Wall Motors និង Tesla។
កាលពីខែមុន មន្ត្រីថៃម្នាក់បាននិយាយថា ក្រុមហ៊ុន Changan Auto របស់ចិននឹងវិនិយោគ ២៨៥លានដុល្លារ បង្កើតរោងចក្រមួយក្នុងប្រទេសថៃ។
ប្រទេសថៃជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំជាងគេទីបួននៅអាស៊ីសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ដូចជា Toyota និង Honda។
ប្រទេសនេះ មានគោលបំណងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីសកលនៅខាងក្រៅប្រទេសចិន ដោយផ្តល់ជូននូវការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធន ដើម្បីជំរុញការអនុម័ត និងផលិតកម្មរថយន្តអគ្គិសនី។
ប្រទេសថៃ បានកំណត់គោលដៅថា ៣០ភាគរយនៃផលិតកម្មរថយន្តក្នុងស្រុកជារថយន្តអគ្គិសនី នៅត្រឹមឆ្នាំ ២០៣០៕
ប្រែសម្រួលដោយ៖ សៀម ប៊ុនធី

