ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសទទួលស្គាល់ជាផ្លូវការ រចនាសម្ព័ន្ធដឹកនាំ របស់គណ:កម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តព្រះសីហនុ

image


ព្រះសីហនុ៖ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម្ពន្ធយុវជនស្រឡាញ់សន្តិភាព អញ្ជើញពិធីប្រកាសទទួលស្គាល់ជាផ្លូវការ រចនាសម្ព័ន្ធដឹកនាំរបស់គណ:កម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តព្រះសីហនុ។
   
តាមសេចក្តីសម្រេចលេខ ០០៦/២៣ ស.យ.ស.ស/ស.រ ស្តីពីការបង្កើត ទទួលស្គាល់ជាផ្លូវការគណ:កម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព (ស.យ.ស.ស) ខេត្តព្រះសីហនុ សម្រេចទទួលស្គាល់ជាផ្លូវការ សមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណ:កម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ស.យ.ស.ស ខេត្តព្រះសីហនុ លោក ហុង រ៉ា ប្រធានប្រតិបត្តិយុវជនស្រឡាញ់សន្តិភាព (ស.យ.ស.ស) ខេត្តព្រះសីហនុ។
  
លោក ប៉ាន់ខែម ប៊ុនថន បានអបអរសាទរការទទួលស្គាល់រចនាសម្ព័ន្ធដឹកនាំរបស់គណ:កម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តព្រះសីហនុ បង្ហាញពីស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ ការចូលរួមការងារសង្គមជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមការងារមនុស្សធម៌ និងការងារសង្គមជាច្រើនផ្សេងទៀត។

លោកលើកឡើងថា "នេះជាអំរែកភារកិច្ចថ្មីមួយសម្រាប់យុវជនរបស់យើង ស្នើសុំគណ:កម្មការប្រតិបត្តិខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវសហការជាមួយអាជ្ញាខេត្ត ក្រុង ស្រុកក្នុងការចូលរួមការងារសង្គម នៅក្នុងមូលដ្ឋាន គឺជួយមូលដ្ឋានឲ្យមានភាពងាយស្រួល យើងត្រូវកសាងកម្លាំងថ្មី ដែលមិនពាក់ព័ន្ធនិងកម្លាំងផ្សេង រក្សាសន្តិភាព បណ្តុះបណ្តាលសមាជិករបស់យើងឲ្យមានចំណេះ ជំនាញបំពេញការងាររបស់រាជរដ្ឋាភិបាល "។
  
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងអបអរសាទរ ការបេជ្ញាចិត្តរបស់លោកប្រធានយុវជនស្រឡាញ់សន្តិភាពខេត្តព្រះសីហនុ ដើម្បីឆ្លើយតបការយកចិត្តទុកដាក់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានធ្វើការផ្តាំផ្ញើសមាជិកទាំងអស់ ត្រូវខិតខំពង្រឹងសាមគ្គីភាព ដើម្បីជាស្នូលក្នុងការទាក់ទាញទឹកចិត្តយុវជនគ្រប់និន្នាការ ឲ្យចូលរួមក្នុងសកម្មភាពនានាក្នុងសង្គម និងបុព្វហេតុជាតិ មាតុភូមិកម្ពុជា គាំទ្ររាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា  ពិសេសគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន។

លោក គួច ចំរើន លើកឡើងថា "យើងបន្តរួមគ្នាធ្វើការងារសង្គមយ៉ាងច្រើនបន្ថែមទៀត នៅពេលខាងមុខ ខ្ញុំជឿជាក់ថា ក្រោយការប្រកាសទទួលស្គាល់នាពេលនេះ សកម្មភាពរបស់យុវជនស្រឡាញ់សន្តិភាព អនុវត្តការងារកាន់តែល្អប្រសើរបន្ថែមទៀត ជាត្រីវិស័យមួយ ក្នុងការកសាងកម្លាំងផ្ទៃក្នុង ពីបងប្អូនក្រុមប្រឆាំងមកចូលរួមរស់ជីវភាព ជាមួយយុវជនស្រឡាញ់សន្តិភាព និងគណបក្សប្រជាជនកម្ពុជា"។
  
លោកអភិបាលខេត្ត រំពឹងថា កិច្ចខិតខំប្រឹងប្រែងរបស់យុវជនស្រឡាញ់សន្តិភាព ក្រោមដំបូលគណបក្សប្រជាជន មានឱកាសកសាងសង្គមជាតិមានការអភិវឌ្ឍរីកចម្រើន ហើយភារកិច្ចរបស់យើង គឺរួមគ្នាថែរក្សាសុខសន្តិភាព ខិតខំរៀបចំសណ្តាប់ធ្នាប់  បរិស្ថានល្អ ស្នើសុំឲ្យមានការរួមគ្នា ជាអ្នកប្រមាញ់ទីក្រុង បើឃើញមានរឿងមិនសមស្របណាមួយ សូមរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីមានចំណាត់ការបានទាន់ពេលវេលា ព្រោះយើងរួមគ្នាថែរក្សាសុវត្ថិភាពសង្គម ការពារទ្រព្យសម្បត្តិសាធារណ: ក្នុងដំណាក់កាលប្រទេសជាតិ មានសន្តិភាព៕

ដោយ ៖ ប៉ៃ សុឃីម