សមត្ថកិច្ចស្រុកសំរោងទង បង្ក្រាបក្រុមក្មេងបង្ហោះម៉ូតូលើផ្លូវសាធារណៈ
កំពង់ស្ពឺ៖ ក្មេងទំនើងចំនួន ២នាក់ ត្រូវប៉ូលីសស្រុកសំរោងទងនៃខេត្តកំពង់ស្ពឺឃាត់ខ្លួន បន្ទាប់ពីបង្ហោះម៉ូតូលើផ្លូវសាធារណៈ។ ការឃាត់ខ្លួនធ្វើឡើងនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣លើកំណាត់ផ្លូវជាតិលេខ៤ក្នុងស្រុកសំរោងទង។
លោកវរសេយ៍នីឯក ឃុត សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានឱ្យដឹងថា ប៉ូលីសផ្នែកព្រហ្មទណ្ឌសហការជាមួយនគរបាលប៉ុស្តិរដ្ឋបាលត្រពាំងគងបានឃាត់ខ្លួនក្រុមក្មេងចំនួន២នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ ៣៤-៣៥ ស្ថិតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (បង្ហោះពីទិសខាងលិចទៅទិសខាងកើត)។
ក្មេងទាំង២នាក់ មាន១.ឈ្មោះ គង់ គីមីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកបើក)និង២.ឈ្មោះ យ៉ាង សុខលាង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកជិះក្រោយ)។រីឯម៉ូតូដែលពួកគេធ្វើសកម្មភាពម៉ាកសង់ឌ្រីម សេរីឆ្នាំ ២០២២ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1Y.5214 ។
លោកអធិការបានបញ្ជាក់បន្ថែមថា នៅក្នុងភូមិសាស្ត្រស្រុកសំរោងទង ក្មេងទំនើងតែងតែធ្វើសកម្មភាពជាញឹកញ៉ាប់ ដែលបង្កអសន្តិសុខដល់អ្នកប្រើប្រាស់ផ្លូវ ហើយជាមួយនោះដែរកម្លាំងមូលដ្ឋានក៏បានឃាត់ខ្លួនយកមកអប់រំជាបន្តបន្ទាប់ផងដែរ រហូតមានក្រុមក្មេងទំនើងខ្លះត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តច្បាប់ទៀតផង។
ទន្ទឹមនិងការឃាត់ខ្លួនក្មេងទំនើង ២នាក់ ខាងលើ លោក ឃុត សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានអំពាវនាវដល់យុវជនទាំងអស់សូមបញ្ឈប់សកម្មភាពបង្ហោះម៉ូតូ និងដាក់បំពង់ស៊ីម៉ាំងប្រែន(ឮសំឡេងខ្លាំង)ជាបន្ទាន់ ដើម្បីសេចក្តីសុខសាធារណៈ និងសណ្តាប់ធ្នាប់សង្គម បើមិនដូច្នេះទេកម្លាំងអធិការនគរបាលស្រុកនិងអនុវត្តច្បាប់ធ្ងន់ធ្ងរចំពោះជនទាំងនោះ៕
អត្ថបទ៖ ប៊ុត សារុន


