ផ្សារឈូក ខេត្តកំពត បានផ្លាស់ប្តូរដំបូលថ្មី និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរជាងមុន ដែលផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន

កំពត៖ ផ្សារឈូក ខេត្តកំពត ធ្លាប់តែមានដំបូលចាស់ធ្លុះធ្លាយ ទ្រុឌទ្រោម និងមានការលិចទឹកនៅពេលមានភ្លៀងម្តងៗ បានប្រែក្លាយជាដំបូលថ្មី ព្រមទាំងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានល្អប្រសើរជាងមុន។ ការទទួលបានការអភិវឌ្ឍផ្សារនេះឡើងវិញ បន្ទាប់ពីមានការស្នើសុំដោយអាជីវករក្នុងផ្សារឈូក តាមរយៈ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះជួបសំណេះសំណាលជាមួយក្រុមអាជីវករក្នុងផ្សារឈូក និងនាំយកអំណោយជាដំបូលផ្សារ ជូនដល់អាជីវករផ្សារឈូក។ ក្រុមអាជីវករលក់ដូរគ្រប់ប្រភេទ ជាងកាត់សក់ ជាងកាត់ដេរ ជាងមាស បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដែលបានផ្តល់នូវដំបូលផ្សារថ្មី ជំនួសដំបូលចាស់ ដែលមានសភាពទ្រុឌទ្រោម និងមានការលិចទឹកនៅពេលមានភ្លៀងម្តងៗ។ កន្លងមកផ្សារនេះក៏មានការចាក់បេតុងខាងមុខផ្សារ(ចំណតតាក់ស៊ី) ផ្លូវបេតុងជុំវិញផ្សារ រោងកាត់សក់ រោងលក់ម្ហូបអាហារ ដាក់កង្ហាបឺតខ្យល់លើដំបូលផ្សារ រួមទាំងការរៀបចំបណ្តាញភ្លើងអគ្គិសនីឱ្យមានសោភ័ណ្ឌភាព និងតបណ្តាញទឹកស្អាតចូលក្នុងផ្សារជាដើម។
លោក ម៉ៅ ធនិន ក៏បានណែនាំឱ្យអាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងដីដែលជាអចលនៈទ្រព្យរបស់រដ្ឋ ដើម្បីរៀបចំកន្លែងលក់ដូរជូនប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែងល្អី ឱ្យបានស្អាតល្អ និងមានសណ្តាប់ធ្នាប់។ ក្រៅពីនេះ ក៏បានទទួលយកសំណូមពរ និងតម្រូវការផ្សេងៗរបស់អាជីវករក្នុងផ្សារ ក្នុងនោះលោកអភិបាលខេត្តបានចូលរួមថវិកា៥០% ក្នុងការចំណាយរបស់អាជីវករលើការជួសជុល និងសាងសង់សំណង់ផ្សេងៗក្នុងផ្សារឈូកខេត្តកំពតនេះ៕
អត្ថបទ៖ វង្ស សុធារម្យ
