សង្គម

ខ្លោងទ្វារប្រាសាទតាព្រហ្មខាងកើត ត្រូវបានក្រុមអ្នកជំនាញធ្វើការជួសជុលដើម្បីកាន់តែប្រសើរឡើង

image


អត្ថបទ៖ ជា ស្រស់
សៀមរាប៖ ខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម ត្រូវបានក្រុមអ្នកជំនាញ ធ្វើការជួសជុលដើម្បីឲ្យមានភាពប្រសើរឡើងវិញ បន្ទាប់ពីខ្លោងទ្វារនេះរងការខូចខាតដោយកត្តាផ្សេងៗ។

ប្រធានក្រុមនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា លោក អេស្វា (PVNCM ESWAR) មានប្រសាសន៍កាលពីរសៀលថ្ងៃទី២៤​ ខែឧសភាថា ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាពហ្មនេះ បានចាប់ដំណើរការតាំងពីដើមខែមករា ឆ្នាំ២០២២ ហើយរហូតមកដល់ពេលនេះ ក្រុមការងារ អនុវត្តបានប្រមាណជា៧០ភាគរយនៃផែនការ។

លោក អេស្វា បន្តថា ចំពោះការងារដែលនៅសេសសល់ក្រុមការងារគ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២៣ខាងមុខ។

អ្នកជំនាញមកពីប្រទេសឥណ្ឌារូបនេះបន្តទៀតថា បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសម្រុកការងារដំបូលសងខាងនៃខ្លោងទ្វារនេះឱ្យបានរួចរាល់។ បន្ទាប់ពីនេះនឹងឈានទៅដល់ការដំឡើងដំបូលកំពូលកណ្ដាលមួយទៀតដែលជាជំហានជួសជុលចុងក្រោយ។
ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម បានជួបបញ្ហាប្រឈមខ្លាំង គឺរចនាសម្ព័ន្ធរបស់ទាំងមូលតែម្តង ដោយសារដើមឈើធំៗដុសឫស ចាក់ស្រេះ ធ្វើឱ្យគ្រឹះរំកិលចេញពីទីតាំងដើម បណ្តាលឱ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ។ ដើម្បីថែរក្សានូវមរតកដ៏មានតម្លៃនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) ក៏បានជួសជុល កែលំអ ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើន ដោយបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ខ្លះៗដែលបាត់បង់ឡើងវិញ ដើម្បីរក្សាលំនឹង ព្រមទាំងខ្លោងទ្វារនេះទាំងមូល អាចឈរបង្ហាញរាងជាថ្មីសម្រាប់ពេលអនាគត។

បើទោះជាយ៉ាងនេះក្តី លោក អេស្វា បានបញ្ជាក់ថា បើទោះបីជាយើងបានដាក់ថ្មថ្មីរួចក៏ពិតមែន ប៉ុន្តែយើងត្រូវសិក្សាបន្ថែមទៀត ថាតើសំណង់ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មនេះ បន្ទាប់ពីជួសជុលហើយ តើវារឹងមាំបែបណា? ដោយយើងនៅតែតាមដានរហូតនៅពេលជួសជុលថ្មអាចមានបញ្ហាខ្លះៗ។ ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម បានផ្តោតសំខាន់ទៅលើការងារដាប់ឆ្លាក់ក្បាច់ដោយប្រើប្រាស់ជំនួសថ្មចាស់ដែលបានបាត់បង់ និងខូចខាត រួមទាំងដាប់តម្រិមថ្មដំបូលនិងបិតភ្ជាប់មុខដំណរថ្ម និងការពារជម្រាបទឹកភ្លៀងជាដើម៕