ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា រៀបចំកម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ដល់សមាជិក សមាជិកា សភាពាណិជ្ជកម្ម និងអាជីវករ​ នៅខេត្តព្រៃវែង

image


ព្រៃវែង៖​ ដោយទទួលបានការគាំទ្រពី សហគ្រិនខ្មែរ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មខេត្តព្រៃវែង បានរៀបចំកម្មវិធីចែករំលែក​ ដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ម្ចាស់អាជីវកម្ម» ក្រោមវត្តមាន​ លោក​ ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឧកញ៉ា ជឹម សុខ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង។

កម្មវិធីនេះមានវាគ្មិនកិត្តិយសចូលរួមចែករំលែកបទពិសោធន៍ មានដូចជា លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន វីន ស៊ូ និងក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និង លោក ម៉ី វាសនា នាយកប្រតិបត្តិប្រាក់កម្ចីធនាគារប្រៃសណីយ៍ កម្ពុជា ដែលមានលោកស្រី សេង សុម៉ុន អគ្គនាយករងទទួលបន្ទុកកិច្ចការទំនាក់ទំនង និងអភិវឌ្ឍសភាពាណិជ្ជកម្មក្រុង-ខេត្ត នៃសភាពាណិជ្ជកម្មកម្ពុជា ជាអ្នកសម្របសម្រួលកម្មវិធី បានជជែកពិភាក្សាយ៉ាងផុសផុលចំពោះប្រធានបទខាងលើ និងចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាណ ៥០នាក់ ដើម្បីជាជំនួយស្មារតីបន្ថែមយកទៅកែលំអអាជីវកម្មរបស់ខ្លួន។

កម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើន រៀបចំឡើងដើម្បីចែករំលែក និងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើអាជីវកម្ម និងការគ្រប់គ្រង ហិរញ្ញវត្ថុរបស់ម្ចាស់អាជីវកម្ម នីមួយៗ ដើម្បីឱ្យសមាជិកសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅក្នុងខេត្ត បានយល់ដឹងកាន់តែទូលំទូលាយ ធ្វើឱ្យការប្រកបអាជីវកម្មដំណើរការប្រកបដោយចីរភាព ក៏ដូចជារួមចំណែក កាត់បន្ថយកំហុសឆ្គងក្នុងការធ្វើអាជីវកម្មរបស់ខ្លួន ក្រោមការយកចិត្តទុកដាក់របស់ប្រធានសភាពាណិជ្ជកម្មខេត្ត​ ចំពោះសមាជិក សមាជិកា។ កម្មវិធីនេះជាការយកចិត្តទុកដាក់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជា​ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងក្រោមការគាំទ្រពីសហគ្រិនខ្មែរ ឧបត្ថម្ភដោយធនាគារប្រៃសណីយ៍ កម្ពុជា ក.អ, ធនាគាវីង (ខេមបូឌា)ម.ក, ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ,ក្រុមហ៊ុន វីន ស៊ូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តព្រៃវែង ជាពិសេសមន្ទីរពាណិជ្ជកម្មខេត្តដែលបានផ្ដល់ទីតាំង៕


ដោយ៖​ អ៊ុន​ ផាន់ណាត់