សេដ្ឋកិច្ច

សមាគមស្វាយចន្ទីកម្ពុជា ទទួលបានកម្ចីការប្រាក់ទាបពីធនាគារ SME ដើម្បីពង្រឹងអាជីវកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្លួន

image


អត្ថបទ៖ ចេង ឆហួត

ភ្នំពេញ៖ សមាជិកសមាគមស្វាយចន្ទីកម្ពុជា នឹងបានទទួលអត្រាការអនុគ្រោះការប្រាក់ពីធនាគារសហគ្រាសធុនតូច និងមធ្យម ពី ៩ភាគរយទៅ ១២ភាគរយ មកនៅត្រឹម ៥,៥ភាគរយ បន្ទាប់ពីស្ថាប័នទាំងពីរនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រឹងអាជីវកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី (មិនមែនជាកសិករដាំដុះ) ដែលជាសមាជិកនៃសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ CNC ឱ្យដឹងថា កិច្ចសហប្រតិបតិ្តការនេះ គឺជាគោលដៅយុទ្ធសាស្រ្តដែលធនាគារបានកំណត់ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។ ធនាគារជឿជាក់យ៉ាងមុតមាំថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាផ្នែកមួយក្នុងដោះស្រាយបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មស្វាយចន្ទី ក៏ដូចជា ជួយលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ប្រធានសមាគមរូបនេះ បានបន្តថា តាមរយៈការអនុគ្រោះលើអត្រាការប្រាក់នេះ បានផ្តល់សារៈសំខាន់យ៉ាងច្រើនដល់វិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ព្រោះបញ្ហាកង្វះដើមទុន បានចាក់ស្រេះ នៅក្នុងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីជាយូរមកហើយ។ បញ្ហានេះ បានធ្វើឱ្យមានការកង្វះខាតកម្លាំងពលកម្មជំនាញ ដោយសារតែនៅពេលមិនមានការងារធ្វើទៀងទាត់ ធ្វើឱ្យបុគ្គលិកទៅរកការងារផ្សេងៗ ឬសម្រេចបោះបង់ការងារក្នុងសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចោល ធ្វើឱ្យសិប្បកម្ម ឬសហគ្រាសកែច្នៃ ឬក្រុមហ៊ុន ត្រូវរើសបុគ្គលិកថ្មី មកបង្រៀនជានិច្ចកាល សម្រាប់បម្រើការក្នុងវិស័យស្វាយចន្ទីនេះ។

លោកបានសង្កត់ធ្ងន់ថា កម្ចីអនុគ្រោះនេះ សមាជិកយើងដែលមិនមែនជាកសិករដាំដុះនឹងប្រើប្រាស់សម្រាប់ការទិញគ្រាប់ឆៅមកស្តុក និងការកែច្នៃសម្រាប់ការនាំចេញ។ បើសិនជារដ្ឋាភិបាលតាមរយៈធនាគារ SME ដែលគាត់គិតថា នឹងត្រៀមថវិកា ១០០លានដុល្លារនេះ វាមិនច្រើនក៏ពិតមែន ប៉ុន្តែយើងអាចដោះទាល់បានក្នុងពេលខាងមុខផងដែរ។ កាលណាយើងមិនមានទុនបង្វិលសម្រាប់ទិញគ្រាប់ស្វាយចន្ទីទេនោះ លំហូរគ្រាប់ស្វាយចន្ទីឆៅរបស់យើង បានហូរយ៉ាងច្រើនទៅក្រៅប្រទេស។

លោកបានបន្ថែមទៀតថា ដូចនេះវិនិយោគិនក្នុងស្រុកមិនអាចប្រជែងទិញបាន ដោយសារតែគាត់ខ្វះទុន ដូច្នេះធ្វើឱ្យខ្សែចង្វាក់ផលិតកម្មរបស់គាត់មិនបានពេញលេញទេក្នុងមួយឆ្នាំ ដោយក្រុមហ៊ុនខ្លះធ្វើបាន ៣ខែ ឬ៨ខែ អស់គ្រាប់ស្តុក ខណៈដែលមានក្រុមហ៊ុនតែពីរប៉ុណ្ណោះ ដែលធ្វើបានពេញមួយឆ្នាំ។

យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល ៤ខែ ចាប់ពីខែ មករា កុម្ភៈ មីនា និងមេសា ឆ្នាំ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ ៥សែន ១ម៉ឺនតោន)។ ក្នុងនោះនាំចេញទៅវៀតណាមបានសរុប ៤សែន ៨ម៉ឺន ៣ពាន់តោន ស្មើទឹកប្រាក់ ៦៦០លានដុល្លារ ថយចុះ ១៣,០៤% បើធៀបរយៈកាលដូចគ្នាទៅនឹងឆ្នាំ២០២២៕