ពលរដ្ឋជាង១៦០នាក់ នៅខេត្តកំពត នាំគ្នាប្តឹងអគ្គនាយកក្រុមហ៊ុនពិភពដីមាសពីបទ ឆបោក

កំពត៖ ប្រជាពលរដ្ឋខេត្តកំពត បាននាំគ្នាដាក់បណ្តឹងចូលស្នងការដ្ឋាននគរបាលខេត្តកំពតជាបន្តបន្ទាប់ ប្តឹងចោទលោកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាសពីបទ រំលោភលើទំនុកចិត្ត ក្នុងមុខជំនួញអចលនទ្រព្យ។ គិតត្រឹមល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ស្នងការដ្ឋានខេត្តកំពត ទទួលបាន ១៦៣ពាក្យបណ្តឹង និងមានពលរដ្ឋជាបន្តបន្ទាប់ទៀតបានទៅដាក់ពាក្យបណ្តឹង ដែលភាគច្រើនជាអ្នករស់នៅក្នុងខេត្តកំពត។
លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ក្រុមហ៊ុនពិភពដីមាសនេះមានទីតាំងស្ថិតនៅភូមិស្តុកក្រោល ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ប្រជាពលរដ្ឋដែលបានដាក់ទុនរកស៊ីជាមួយក្រុមហ៊ុននេះ បានចំណាយប្រាក់ក្នុងម្នាក់ៗចាប់ពី ១ម៉ឺនដុល្លារឡើងទៅ។
ពលរដ្ឋដែលបានទៅដាក់ពាក្យបណ្តឹង បានរៀបរាប់ថា ពួកគាត់កើតទុក្ខមិនសុខចិត្តចំពោះ លោកឧកញ៉ា ហ៊ី គឹមហុង អាយុ ៤០ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអគ្គនាយកក្រុមហ៊ុនពិភពដីមាស ពីបទរំលោភលើទំនុកចិត្ត តាមរយៈការឆបោកក្នុងមុខជំនួញទិញ-លក់ដីឡូតិ៍។ នាអំឡុងឆ្នាំ២០២២ បក្ខពួករបស់ លោកឧកញ៉ា ហ៊ី គឹមហុង បានមកលួងលោម និងបញ្ចុះបញ្ចូលពួកគាត់ឱ្យទិញដីឡូត៍ពីក្រុមហ៊ុនពិភពដីមាសដោយសន្យាថា នឹងផ្ដល់ប្រាក់ចំណេញដោយអត្រា ៣ភាគរយ ក្នុង១ខែ។ ពេលចប់កុងត្រា ក្រុមហ៊ុននឹងទទួលទិញដីយកវិញស្មើតម្លៃដើម។
ពលរដ្ឋបានបញ្ជាក់បន្ថែមថា ប្រាក់ភាគលាភទាំងនោះ ពួកគាត់បានទទួលតែ ៧ខែទៅ ៨ខែតែប៉ុណ្ណោះ ពោលគឺក្រុមហ៊ុនឈប់ផ្តល់ឱ្យរហូតមកដល់ពេលនេះ។ ពួកគាត់ជួបការលំបាក ព្រោះខាងធនាគារតាមទារដល់ផ្ទះជារៀងរាល់ថ្ងៃ។ ដូច្នេះ ពួកគាត់ត្រូវតែដាក់ពាក្យប្ដឹងដោយតម្រូវឱ្យក្រុមហ៊ុនពិភពដីមាសសងប្រាក់ដើមមកវិញ ដើម្បីពួកគាត់បានយកទៅដកប្លង់ដីពីធនាគារយកមកប្រើប្រាស់បន្តទៀត៕
អត្ថបទ៖ វង្ស សុធារម្យ












