ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ចាត់ទុក ទិវាយោគៈអន្តរជាតិលើកទី៩ នៅតំបន់អង្គរ ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ និងលើកស្ទួយនូវសារសន្តិភាពពិភពលោក

image


សៀមរាប៖ ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បាន រៀបចំព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិលើកទី៩» ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ និងក្រោមគោលបំណង ដើម្បីហ្វឹកហាត់ផ្នែកផ្លូវកាយនិងផ្លូវចិត្តតាមបែបបុរាណ ហើយក៏ជាការរួមចំណែកលើកស្ទួយនូវសារសន្តិភាពពិភពលោក ស្របតាមគោលការណ៍របស់ឥណ្ឌា ពិភពលោកគឺជាគ្រួសារតែមួយ។ ទិវាយោគៈនេះបានធ្វើឡើងនៅទីលានជល់ដំរី នៃរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ បានចាត់ទុកការរៀបចំ ឱ្យមានព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិលើកទី៩»នេះ ថាជាការរួមចំណែក ផ្សព្វផ្សាយចេញពីតំបន់អង្គររបស់យើងទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប ពីព្រោះថា សៀមរាបជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បើទោះបីជាកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ និងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរមុនគេក្នុងចំណោម ប្រទេសសមាជិកអាស៊ានក៏ដោយ។ លោកអភិបាលរងខេត្តសៀមរាប ជឿជាក់ថាព្រឹត្តិការណ៍បែបនេះ នឹងបន្តប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅលើទឹកដីអង្គរជាបន្តទៀត។

រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោក គុជ បញ្ញាសា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់កម្ពុជា។ ជាពិសេសការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយជោគជ័យ ដែលជាគន្លិះក្នុងការបើកប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញតាំងពីចុងឆ្នាំ២០២១។

លោកបន្តថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១.៧២១.៦៦៨នាក់ កើនឡើង៦១៣%, ក្នុងនោះមាន ទេសចរឥណ្ឌាចំនួន ២២.១០៣នាក់ កើនឡើង៦៣០%។ ឆ្នាំ២០២៣ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិ និងទេសចរ ក្នុងស្រុកចំនួន ១៩លាននាក់ ដែលនឹងនាំមកនូវចំណូលជាតិ ៤ពាន់លានដុល្លារអាម៉េរិក។

ទិវាយោគៈអន្តរជាតិ ត្រូវប្រារព្ធធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ដែលមានអ្នកចូលរួមរាប់លាននាក់នៅទូទាំងពិភពលោក ហើយទិវានេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នាប្រធានបទឆ្នាំនេះគឺមនុស្សជាតិ ក៏ដូចជាដើម្បីជម្រុញការផ្សព្វផ្សាយយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ ផងដែរ ខណៈដែលការហាត់យោគៈ ត្រូវបានមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ទទួលស្គាល់ពីអត្ថប្រយោជន៍របស់វា ហើយបានយកទៅអនុវត្តប្រចាំថ្ងៃរៀងៗខ្លួន។

លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា យោគៈនេះ មានដើមកំណើតនៅប្រទេសឥណ្ឌា ហើយពាក្យថា “យោគៈមកពីពាក្យសំស្ក្រឹត មានន័យថាចូលរួមឬរួបរួម ដែលតំណាងឱ្យការសំយោគគ្នា រវាងចិត្ត កាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព និងសុខុមាលភាព ជាពិសេសជាងនេះទៅទៀត យោគៈ គឺលើកស្ទួយនូវសារសន្តិភាព ក្នុងពិភពលោកស្របតាមគោលការណ៍របស់ឥណ្ឌា ហៅថា "ពិភពលោកគឺជាគ្រួសារតែមួយ” ។
ចាប់តាំងពីឆ្នាំ២០១៥មក ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា តែងតែសហការរៀបចំព្រឹត្តិការណ៍ “ទិវាយោគៈអន្តរជាតិ The International Day of Yoga” នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានរៀបចំនៅ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ទទួលបានជោគជ័យយ៉ាងធំធេងរួចមកហើយនៅគ្រប់គោលដៅទេសចរណ៍ដ៏ពេញនិយម៕

អត្ថបទ៖ ជា ស្រស់