ឥណ្ឌូណេស៊ី និងក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណបដើម្បីភ្ជាប់សេវាអ៊ីនធឺណិតដល់កោះដាច់ស្រយាល
ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ី និងក្រុមហ៊ុន SpaceX របស់លោកអេឡុនម៉ាស (Elon Musk) បានបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ដ៏ធំបំផុតរបស់ប្រទេស ចេញពីទឹកដីសហរដ្ឋអាម៉េរិក កាលពីដើមសប្តាហ៍នេះ នៅក្នុងគម្រោងដែលមានតម្លៃ ៥៤០ លានដុល្លារអាម៉េរិក ក្រោមគោលបំណងដើម្បីភ្ជាប់សេវាអ៊ិនធឺណិតទៅកាន់តំបន់កោះដាច់ស្រយាលនៅក្នុងប្រទេសឥណ្ឌូណេស៊ី ។
គួរបញ្ជាក់ថា ផ្កាយរណបទម្ងន់ ៤.៥ តោនរបស់សាធារណរដ្ឋឥណ្ឌូណេស៊ី មានឈ្មោះថាសាទ្រីយ៉ា-១ (SATRIA-1) សាងសង់ឡើងដោយក្រុមហ៊ុនអវកាស Thales Alenia Space របស់បារាំង និងដាក់ពង្រាយទៅកាន់គន្លងតារាវិថីចេញពីរដ្ឋផ្លរីដា តាមរយៈរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX កាលពីម៉ោង ៦:២១នាទីល្ងាចថ្ងៃអាទិត្យ ត្រូវនឹងម៉ោង ២២:២១នាទី នៃម៉ោងសកល។
ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានអះអាងផងដែរថា ផ្កាយរណបដដែលនេះនឹងបាញ់សេវាចេញពីទីតាំងគន្លងគោចរ ស្ថិតនៅពីលើតំបន់ប៉ាពួរខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី ហើយវាមានសមត្ថភាពបញ្ជូនសេវាអ៊ីនធឺណិតក្នុងល្បឿន ១៥០ ជីហ្គាបៃក្នុងមួយវិនាទី (១៥០ gigabytes per second) ដោយនឹងអនុញ្ញាតឱ្យទីតាំងផ្តល់សេវាកម្មសាធារណៈរហូតដល់ចំនួន ៥ម៉ឺនកន្លែង អាចតភ្ជាប់សេវាអ៊ិនធឺណិតនេះសម្រាប់ប្រើប្រាស់បាន ។
គួរជម្រាបជូនថា ពលរដ្ឋប្រមាណជា ២ ភាគ ៣ នៃចំនួនប្រជាជន ២៨០ លាននាក់របស់ប្រទេសឥណ្ឌូណេស៊ី កំពុងប្រើប្រាស់សេវាអ៊ីនធឺណិតរួចហើយ ប៉ុន្តែការតភ្ជាប់ទៅកាន់សេវាអ៊ិនធឺណិតដើម្បីប្រើប្រាស់ ហាក់នៅមានកម្រិតនៅឡើយ ចំពោះប្រជាជនកំពុងរស់នៅកោះដាច់ស្រយាលស្ថិតនៅភាគខាងកើតប្រទេស ដែលជាតំបន់មិនទាន់មានការអភិវឌ្ឍន៍ដូចតំបន់នៅឯទីប្រជុំជនធំៗក្នុងប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍មួយនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect