កម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានខេត្តសៀមរាបជិត២០០នាក់ បានបញ្ចប់វគ្គបំប៉នជំនាញប្រឆាំងនឹងភេរវកម្ម ដោយជោគជ័យ

សៀមរាប៖ សិក្ខាកាមដែលជាកងកម្លាំង នៃកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានខេត្តសៀមរាបចំនួន១៦៥រូប បានបញ្ចប់ដោយជោគជ័យនូវវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ ប្រឆាំងនឹងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែប VIP សង្គ្រោះអគ្គិភ័យ ជំនាញសង្គ្រោះជនរងគ្រោះ ។
ថ្លែងនៅក្នុងពិធីបិទវគ្គ ដែលធ្វើឡើងនៅទីលានបុរីសៀងណាំ២ ស្ថិតនៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ចំពោះការរៀបចំពិធីនេះឡើងគឺមានន័យថា កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាល បានឆ្លងកាត់ការបណ្តុះបណ្តាលហ្វឹកហ្វឺន លត់ដំខ្លួនតាមគោលការណ៍ ប្រកបដោយវិន័យ បទបញ្ជាយ៉ាងតឹងតែង ម៉ឹងម៉ាត់។ ជាពិសេស កម្លាំងអន្តរាគមន៍ពិសេស បានយល់ដឹងកាន់តែច្បាស់អំពី ជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងនឹងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែប វី.អាយ.ភី សង្គ្រោះអគ្គិភ័យ ជំនាញសង្គ្រោះជនរងគ្រោះ ដោយប្រើឧបករណ៍ជំនួយស្វ័យប្រវត្តិ នៅពេលមានហេតុការណ៍កើតឡើង ដើម្បីធានាបាននូវសមត្ថភាព គុណភាព និងប្រសិទ្ធភាពប្រយុទ្ធ និងការងារឈានឆ្ពោះ ទៅរកការកសាងកងកម្លាំងអន្តរាគមន៍ពិសេសឱកាន់តែរឹងមាំ ស្របតាមការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងតទៅអនាគត។
លោក ទៀ សីហា ក៏បានកោតសររសើរ ដល់កងកម្លាំងទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងហ្វឹកហ្វឺន និងមានវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ប្រជាថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ក្រោមការ ដឹកនាំប្រកបដោយ គតិបណ្ឌិត ដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវ គោលនយោបាយ កំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តោតសំខាន់ ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងគ្រប់ ប្រភេទ ក្នុងបរិបទ សកលភាវរូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកឧត្តមសេនីយ៍បន្តថា ការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការធានាឲ្យបាននូវ សន្តិភាព ស្ថិរភាព នយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ និងសុវត្ថិភាព ភូមិ ឃុំ សង្កាត់ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ដើម្បីឈានទៅសម្រេច នូវគោលនយោបាយនេះ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញ នូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងព្រមទាំងបានផ្តល់ការ គាំទ្រគ្រប់បែបយ៉ាង ទាំងស្មារតី សម្ភារៈ និង ហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សមត្ថភាព វិជ្ជាជីវៈ ពង្រឹងគុណភាពអប់រំ បណ្ដុះបណ្តាល និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដល់មន្ត្រីនគរបាលជាតិ ឲ្យស្របតាមតម្រូវការ នៃអង្គភាពប្រើប្រាស់កម្លាំង និងធានាឲ្យបាន នូវភាពជាម្ចាស់ការ លើការងារ បណ្តុះបណ្តាល ដោយកាត់បន្ថយ ការបញ្ចូលមន្ត្រីនគរបាលជាតិ ទៅសិក្សា ឬ បណ្តុះបណ្តាលនៅក្រៅប្រទេស។
លោកឧត្តមសេនីយ៍បញ្ជាក់ថា វគ្គបំប៉នជំនាញ នាពេលនេះ គឺជាមុខជំនាញ ដែលកងកម្លាំង ប្រដាប់អាវុធ ប្រើប្រាស់ជាប្រចាំ ជាពិសេសកងកម្លាំងនគរបាលជាតិយើងតែម្ដង សំដៅធានា ដល់ការចូលរួម ការពារ សន្តិ សុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់ បាតុភាព បង្កចលាចល បាតុកម្មខុសច្បាប់ បង្ក្រាបរាល់ សកម្មភាពភេរវកម្ម រំដោះចំណាប់ខ្មាំង ការចាប់ខ្លួនជនល្មើសបែប VIP សង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ឲ្យបានត្រឹមត្រូវ តាមការកំណត់ របស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា វគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ ប្រឆាំងនឹងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែប VIP សង្គ្រោះអគ្គិភ័យ ជំនាញសង្គ្រោះជនរងគ្រោះ បែកចែកជា០៣វគ្គ ក្នុងមួយវគ្គមានរយៈពេល០២ខែ ដោយមានសិក្ខាកាម ចំនួន ១៦៥៕
អត្ថបទ៖ ជា ស្រស់





