ភ្លើងឆេះព្រៃនៅកាណាដា បំភាយឧស្ម័នកាបូនយ៉ាងខ្លាំងដោយជះចំហាយផ្សែងទៅដល់តំបន់អឺរ៉ុប
កាណាដា៖ ភ្នាក់ងារទទួលបន្ទុកកិច្ចការតាមដានបរិយាកាស Copernicus របស់សហភាពអឺរ៉ុប បានបញ្ជាក់ថា ភ្លើងឆេះព្រៃដែលកំពុងតែឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅនៅភាគខាងកើត និងភាគខាងលិចប្រទេសកាណាដា បានបញ្ចេញឧស្ម័នកាបូនរហូតដល់ចំនួន ១៦០ លានតោន ។
គិតត្រឹមដើមសប្តាហ៍នេះ ភ្លើងឆេះព្រៃបានបំភាយឧស្ម័នប្រចាំឆ្នាំក្នុងចំនួនមួយដ៏ច្រើនជាងគេសម្រាប់ប្រទេសកាណាដា ចាប់តាំងពីដំណើរការត្រួតពិនិត្យដោយផ្កាយរណបបានចាប់ផ្តើមក្នុងឆ្នាំ ២០០៣ ដោយមានចំនួន ១៤០លានតោន លើសពីឆ្នាំ ២០១៤ ។
ជុំវិញករណីភ្លើងឆេះព្រៃនេះ អ្នកវិទ្យាសាស្ត្របានបង្ហាញការព្រួយបារម្ភជាខ្លាំង ជាពិសេសកត្តាភ្លើងឆេះព្រៃនៅប្រទេសកាណាដា កំពុងប៉ះពាល់ខ្លាំទៅដល់បរិយាកាស ក៏ដូចជាប៉ះពាល់ដល់ខ្យល់ដកដង្ហើម។
ការបញ្ចេញឧស្ម័នកាបូនដោយសារតែភ្លើងឆេះព្រៃនៅកាណាដា គឺប្រហាក់ប្រហែលនឹងការបញ្ចេញឧស្ម័នកាបូនប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌូណេស៊ីពីចំហេះឥន្ធនៈហ្វូស៊ីល។
ជាងនេះទៅទៀត ភ្នាក់ងារម្នាក់ឈ្មោះ Parrington បានលើកឡើង ភ្លើងឆេះព្រៃនៅកាណាដា កំពុងតែគ្របដណ្តប់ទៅលើមជ្ឈមណ្ឌលនៃទីក្រុងសំខាន់ៗជាច្រើនក្នុងខែមិថុនា រួមទាំងទីក្រុងតូរិនតូរបស់កាណាដាខ្លួនឯង និងទីក្រុងញូវយ៉ករបស់សហរដ្ឋអាម៉េរិក ។ បន្ថែមពីនេះ ករណីភ្លើងឆេះព្រៃ បានកើនឡើងកាន់តែអាក្រក់ទៅៗនៅខេត្តQuebec និងខេត្ត Ontario ដោយអាចជះចំហាយអាប់អួរនៅលើផ្ទៃមេឃដល់តំបន់អឺរ៉ុបនៅសប្តាហ៍នេះ ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែគេព្យាការណ៍ថា ផ្សែងនឹងស្ថិតនៅយ៉ាងខ្ពស់នៅក្នុងបរិយាកាស វាទំនងជាមិនប៉ះពាល់ដល់គុណភាពខ្យល់នៅលើផ្ទៃដីនោះទេ ។
គួរបញ្ជាក់ថា រដូវភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា ជាធម្មតាហក់ឡើងដល់ចំណុចកំពូលនៅចុងខែកក្កដា ឬខែសីហា ដោយការបញ្ចេញឧស្ម័នកាបូននៅតែបន្តកើនឡើងពេញមួយរដូវក្តៅ ។
ដោយឡែក បើយោងតាមមជ្ឈមណ្ឌលតាមដានភ្លើងឆេះព្រៃអន្តរទ្វីបកាណាដា បានអះអាងថា រដូវភ្លើងឆេះព្រៃឆ្នាំនេះ គឺជារដូវកាលដ៏អាក្រក់បំផុតក្នុងកំណត់ត្រានៅប្រទេសកាណាដា ដោយបានឆាបឆេះព្រៃនៅក្នុងទំហំប្រមាណជាង ៧ម៉ឺនគីឡូម៉ែត្រការ៉េ ស្ថិតនៅទូទាំងភាគខាងកើត និងភាគខាងលិចប្រទេសកាណាដា ពោលគឺធំជាងតំបន់ដែលធ្លាប់កើតមានករណីភ្លើងឆេះព្រៃក្នុងឆ្នាំ ២០១៦, ២០១៩, ២០២០ និង ២០២២ ទៅទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect


