អ្នកវិទ្យាសាស្ត្រ រកឃើញឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ បានចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២មកម្លេះ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងFlinders University ដោយប្រើឧបករណ៍វាស់ស្ទង់រករចនាសម្ពន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ បានរកឃើញថា មានឡដុតកុលាលភាជន៍ជាច្រើននៅជ្រុងពាយព្យនាភូមិនគរក្រៅ សង្កាត់គោកចក នៃក្រុងសៀមរាប ខេត្តសៀមរាប។
បណ្តុំក្រុមឡដុតកុលាលភាន៍ទាំងនោះ ស្ថិតនៅលើទួលធំវែងមួយកន្លែង ដែលលាតសន្ធឹងពីកើតទៅលិចប្រវែង២៣០ម៉ែត្រ និងទទឹងមានប្រវែង ៨៤ម៉ែត្រ កម្ពស់ប្រហែល ២,៧០ម៉ែត្រ។ ទួលនេះ សន្ធឹងស្របគ្នានឹងកំពែងនៃកសិន្ធុទឹកភាគខាងជើងផ្នែកខាងលិចរបស់ខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ មានចម្ងាយ ១២៣ម៉ែត្រ ពីខ្លោងទ្វារដីឆ្នាំង។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា ក្រោយពីបានចុះពិនិត្យផ្ទៀងផ្ទាត់ និងស្រង់ទិន្នន័យបុរាណវិទ្យា ដោយក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានរកឃើញថា មានទួលឡដុតកុលាលភាន៍មានចំនួន ២៥ ដែលពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថា ទីនេះជាអ្វីពិតប្រាកដនៅឡើយទេ គ្រាន់តែអ្នកស្រាវជ្រាវមួយចំនួនបានរើសយកអំបែងភាជន៍យកទៅសិក្សាតែប៉ុណ្ណោះ។ ទើបតែកាលពីឆ្នាំ២០២០ និងឆ្នាំ២០២២ ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយលើទួលឡនោះចំនួនពីរ ដើម្បីប្រមូលទិន្នន័យដែលអាចឱ្យអ្នកជំនាញបញ្ជាក់ថា ទីតាំងនេះជាអ្វីឱ្យពិតប្រាកដ។
យោងតាមលទ្ធផល ដែលទទួលបានពីការធ្វើកំណាយទាំងពីរលើកកន្លងមក បានបញ្ជាក់ថា ទីតាំងនេះជាឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ ដែលចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២ និងឈប់ដំណើរការនៅដើមសតវត្សរ៍ទី១៥នៃគ្រីស្តសករាជ។
ក្រុមអ្នកស្រាវជ្រាវមានគោលបំណងពង្រីកការស្រាវជ្រាវពីបណ្តុំឡដុតកុលាលភាជន៍នេះឱ្យបានវែងឆ្ងាយទៅទៀត ហើយថ្មីៗនេះ អ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និង Flinders University បានប្រើឧបករណ៍វិទ្យាសាស្ត្រទំនើបដើម្បីវាស់ស្ទង់រករចនាសម្ពន្ធឡដុតកុលាលភាជន៍នៅតំបន់ទ្វារដីឆ្នាំងនៃអង្គរធំនេះ ដោយប្រើឧបករណ៍ Magnetometer ដើម្បីស្វែងរកសញ្ញាណម៉ាញ៉េទិកនៃរចនាសម្ពន្ធឡ។
ក្រុមអ្នកស្រាវជ្រាវបានចាត់ទុកថា ទិន្នន័យដែលទទួលបានពីការវាស់ស្ទង់នេះ គឺមានសារសំខាន់សម្រាប់អ្នកជំនាញយកធ្វើជាមូលដ្ឋានក្នុងការធ្វើកំណាយស្រាវជ្រាវឡដុតកុលាលភាជន៍នៅតំបន់នេះតទៅថ្ងៃមុខទៀត៕







