សង្គម

តួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ ដែលមានសភាពទ្រុឌទ្រោម ត្រូវបានអ្នកជំនាញធ្វើការជួសជុលឡើងវិញ

image


អត្ថបទ៖ជា ស្រស់
សៀមរាប៖ តួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ ដែលមានសភាពទ្រុឌទ្រោម ត្រូវបានអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាធ្វើការជួសជុល ដើម្បីពង្រឹងរចនាសម្ព័ន្ធប្រាសាទមួយនេះឲ្យរឹងមាំឡើងវិញ។

លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទត្រពាំងល្ពៅ មានតួប៉មចំនួន៣ដែលនៅឈរមានរូបរាង។ ចំពោះការជួសជុលនេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារជំនាញប្រើពេលប្រមាណ៥ខែ នៅក្នុងការជួសជុលតួប៉មផ្នែកខាងត្បូងបានចប់ជាស្ថាពរ កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ ។

លោកស្រីបន្តថា ការជួសជុលតួប៉មខាងជើងនេះ ក្រុមការងារបានចាប់ផ្តើមធ្វើការជួសជុលកាលពីអំឡុងខែមេសា កន្លងទៅនេះ ដើម្បីពង្រឹងរចនាសម្ពន្ធប្រាសាទឱ្យរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រចនាសម្ព័ន្ធនៃប្រាសាទបានបែកបាក់ ហែកចេញពីគ្នា ស្ទើរតែមិនសល់រូបរាងដើម ដោយសារកត្តាជាច្រើន។
ក្នុងដំណើរការជួសជុលប្រាសាទឥដ្ឋមួយនេះ អ្នកជំនាញបានចាប់ផ្តើមធ្វើការសិក្សាសម្រង់ប្លង់នៃប្រាសាទ និងធ្វើការពង្រឹងខឿនជញ្ជាំងឱ្យមានលំនឹង ទប់ស្កាត់ការរលុះធ្លាក់ធ្វើឱ្យបាត់បង់រូបរាងដើមរបស់ប្រាសាទ។ បន្ទាប់មក ធ្វើការសម្អាត បិទបាយអភ្ជាប់តាមស្រទាប់រហែក ដើម្បីការពារជ្រាបទឹកធ្វើយ៉ាងណាឱ្យតួប៉មនៃប្រាសាទនេះ មានភាពរឹងមាំឡើងវិញ។

លោកស្រី ឈុន រតនា អ្នកជំនាញជួសជុលប្រាសាទត្រពាំងល្ពៅ បញ្ជាក់ទៀតថា មកដល់ដើមខែសីហា ឆ្នាំ២០២៣នេះ ដំណើរការជួសជុលសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ ដោយគ្រោងនឹងបញ្ចប់គម្រោងជួសជុល នាចុងឆ្នាំ២០២៣ខាងមុខនេះ។ បន្ទាប់មកនឹងចាប់ផ្តើមការងារជួសជុលប្រាង្គកណ្តាល នៃប្រាសាទត្រពាំងល្ពៅនេះជាបន្តទៀត។

ក្រោយការងារជួសជុលរួចរាល់អ្នកជំនាញរំពឹងថា តួប៉មនៃប្រាសាទត្រពាំងល្ពៅ នឹងឈររឹងមាំយូរអង្វែងទៅថ្ងៃមុខបន្តទៀត ដើម្បីជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់។

សូមជម្រាបថា ប្រាសាទត្រពាំងល្ពៅ (ឯកសារមុនៗហៅថា ប្រាសាទត្រពាំងរពៅ) គឺជាប្រាសាទឥដ្ឋមួយមានប្រាង្គចំនួន៣បែរទៅទិសខាងកើត ហើយនៅទិសអាគ្នេយ៍មានស្នាមឥដ្ឋរៀបជាបន្ទប់ ដែលប្រហែលជាត្រូវនឹងគេសព្វថ្ងៃហៅថា «ហោត្រៃ» ត្រូវបានកសាងឡើងប្រហែលឆ្នាំ៩៤៤-៩៦៨ ក្នុងសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័នទី២៕