លោក សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី
ភ្នំពេញ៖ លោក សុខ សូកេន ជាកូនទី៣ ក្នុងចំណោមកូន៥នាក់ របស់សម្តេចវិបុលបញ្ញា សុខ អាន។ លោក ជាកូនប្រុសភ្លោះ ជាមួយនឹងលោក សុខ សូកាន។
លោក សុខ សូកេន ត្រូវបានជ្រើសតាំងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី ក្នុងនីតិកាលទី៧ ជំនួសលោក ថោង ខុន ដែលក្លាយជាអតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍។
សម្រាប់ការសិក្សា លោក សុខ សូកេន បានបញ្ចប់ថ្នាក់បណ្ឌិត នៅសាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន ឆ្នាំ២០១៥។ នៅឆ្នាំ២០១៣ ទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈនៅសាលាលីក្វាន់យូនៃសាកលវិទ្យាល័យជាតិសឹង្ហបុរី។
នៅឆ្នាំ២០០៨ ទទួលបានវិញ្ញាបនបត្រអភិវឌ្ឍអចនលទ្រព្យ និងវិញ្ញាបនបត្រការគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ THOMAS សហរដ្ឋអាមេរិក។ ឆ្នាំ២០០៣-២០០៧ លោកទទួលបានបរិញ្ញាបត្រវិស្វកម្មស៊ីវិល និងបរិញ្ញាបត្រពាណិជ្ជកម្មពី សាកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី។
ចំពោះប្រវត្តិការងារ លោកបានឆ្លងកាត់ការងារជាច្រើន ដូចជា នៅឆ្នាំ២០០៨-២០០៩ បម្រើការងារនៅ ក្រសួងពាណិជ្ជកម្ម ជាមន្ត្រីនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជានាយកស្ដីទីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។
នៅឆ្នាំ២០១០ លោកផ្ទេរមកបម្រើការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាននាយកដ្ឋានវិភាគគម្រោង និងលើកទឹកចិត្ត (២០១០-២០១៤) និងជាអនុប្រធាននាយករដ្ឋានវិភាគយុទ្ធសាស្ត្រនៃការវិនិយោគឯកជន(២០១៤-២០១៦)។
នៅឆ្នាំ២០១៦ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
បច្ចុប្បន្ន លោក សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី៕