ព័ត៌មានជាតិ

ជីវៈប្រវត្តិ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាណត្តិថ្មី

image


ភ្នំពេញ៖ លោក ស សុខា ជាកូនប្រុសច្បងរបស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ លោកកើតនៅឆ្នាំ១៩៨១ នៅខេត្តព្រៃវែង ហើយបានរៀបការជាមួយ អ្នកស្រី កែ សួនសុភី មានកូនចំនួន ៤នាក់(ប្រុស២នាក់ និងស្រី២នាក់)។ ភរិយារបស់ លោក ស សុខា ជាកូនស្រីពៅរបស់ នាយឧត្ដមសេនីយ៍ កែ គឹម យ៉ាន ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយអ្នកស្រី ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន។

លោក ស សុខា ធ្លាប់សិក្សានៅប្រទេសបារាំង និងទទួលបានសញ្ញាប័ត្របណ្ឌិត។ ក្រៅពីនេះ លោកក៏បានទៅសិក្សានៅប្រទេសអាល្លឺម៉ង់(Germany) សាធារណរដ្ឋឆេក (Czech) និងប្រទេសសិង្ហបុរី (Singapore) ផ្នែកអភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រអប់រំ គ្រប់គ្រង ច្បាប់ស៊ីវិល គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នគរបាល និងជំនាញយោធា ហើយចេះភាសាបារាំង និងអង់គ្លេស។

លោក ស សុខា ក្នុងវ័យ៤២ឆ្នាំ ធ្លាប់ធ្វើជានគរបាលក្របខ័ណ្ឌក្រសួងមហាផ្ទៃ ជាជំនួយការឪពុករបស់លោក គឺ សម្តេចក្រឡាហោម ស ខេង ជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកសណ្ដាប់ធ្នាប់ ជារដ្ឋលេខាធិការក្រសួងអប់រំ។ ក្រៅពីនេះ លោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ សាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងខេត្តបាត់ដំបង និងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។ បន្ថែមពីនេះ លោក ស សុខា ក៏ត្រូវបានតែងតាំងធ្វើជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ។

លោក ស សុខា ធ្វើជាតំណាងរាស្ត្របក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង រយៈពេល២អាណត្តិ ហើយការបោះឆ្នោតជាតិឆ្នាំ២០២៣ លោកក៏ជាប់ឆ្នោតជាតំណាងរាស្ត្រខេត្តព្រៃវែង៕