ប្រវត្តិខ្លះៗរបស់លោក ជា សុមេធី រដ្ឋមន្ត្រីថ្មី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ភ្នំពេញ៖ លោក ជា សុមេធី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់គណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោក ជា សុមេធី ជាកូនប្រុសពៅរបស់ សម្ដេចពោធិសាល ជា ស៊ីម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំនួសតំណែងលោក វង សូត ដែលត្រូវបានតែងតាំងជាអនុប្រធានទី២ នៃរដ្ឋសភា។
លោក ជា សុមេធី កើតនៅ ខែមិថុនា ឆ្នាំ១៩៧៦ នៅស្រុកកំចាយមារ ខេត្តព្រៃវែង គិតមកដល់ឆ្នាំ២០២៣ លោកមានវ័យ៤៨ឆ្នាំ។ លោកជាកូនប្រុសពៅ ក្នុងចំណោមបងប្អូនបង្កើត៧នាក់ ជាកូនរបស់សម្ដេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម និងលោកស្រី ញ៉ែម សឿន។
លោក ជា សុមេធី បានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសកលវិទ្យាល័យមួយ ក្នុងប្រទេសថៃ មុនពេលបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅសហរដ្ឋអាមេរិក និងបានសិក្សានៅសាលា ភូមិន្ទរដ្ឋបាល ក្នុងរាជធានីភ្នំពេញ ។
មុនមកដឹកនាំក្រសួងសង្គមកិច្ច លោកជាអភិបាលខេត្តព្រៃវែង ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង នៅឆ្នាំ២០១៥៕
ដោយ៖ សន ពិសិដ្ឋ