ព័ត៌មានជាតិ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអតីតនិស្សិតខ្មែររៀននៅប្រទេសកាណាដា និងជាអ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន

image


ភ្នំពេញ៖ លោក អ៊ាង សុផល្លែត ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រីនីតិកាលពី៧ នៃរដ្ឋសភា ឆ្នាំ២០២៣។ មុននឹងក្លាយជារដ្ឋមន្ត្រតីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ។ ភរិយារបស់លោកគឺ លោកស្រី ជា សុផាកន្នី ដែលជាកូនស្រីរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក អ៊ាង សុផល្លែត តែងតែបង្ហាញវត្តមានតាមរយៈការផ្ដល់កិច្ចសម្ភាសន៍នានាដល់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបការងារផ្សេងៗរបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងបណ្ដាមេដឹកនាំ ឬភ្ញៀវបរទេស ដែលចូលជួបជាមួយសម្ដេច។
លោក អ៊ាង សុផល្លែត ជាបញ្ញវន្តខ្មែរមួយរូប ដែលទទួលបានការសិក្សាអប់រំនៅប្រទេសកាណាដា។ ការសិក្សានៅកាណាដា នៅចន្លោះឆ្នាំ១៩៨៥-១៩៨៩។ លោកទទួលបានសញ្ញាបត្រទូទៅនៅវិទ្យាល័យ Victoria Composite ហើយជាបន្តបន្ទាប់ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិក (១៩៩០-១៩៩៤) និងសញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ រហូតដល់លោកបញ្ចប់សញ្ញាបត្របណ្ឌិតវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យ Calgary។ អំឡុងពេលសិក្សានៅទីនោះ ពោលគឺ នៅចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៤ លោកបានធ្វើការនៅក្នុងក្រុមហ៊ុនសាជីវកម្ម Paragon ទីក្រុង Calgary ប្រទេសកាណាដា។
ក្រោយមកនៅឆ្នាំ១៩៩៤-១៩៩៥ លោក អ៊ាង សុផល្លែត បានធ្វើជាវិស្វករស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្រុមហ៊ុន Bettis Canada និងនៅឆ្នាំ១៩៩៥ លោកក៏ក្លាយជានាយកគ្រប់គ្រងក្រុមហ៊ុនសំណង់កម្ពុជា។ រហូតដល់ឆ្នាំ១៩៩៧ លោកបានចាប់ផ្ដើមឈានជើងចូលបម្រើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងតួនាទីជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ដែលទទួលភារកិច្ចជាអ្នកនាំពាក្យ រហូតទល់បច្ចុប្បន្ន។
ក្រៅពីតួនាទីជាជំនួយការសម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល លោក អ៊ាង សុផល្លែត ក៏ធ្លាប់កាន់តំណែងនៅតាមក្រសួងមួយចំនួនផងដែរ ដូចជា នៅឆ្នាំ២០១១ ជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងនៅឆ្នាំ២០១៣ ផ្លាស់មកកាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចការបន្ទាប់ នៅឆ្នាំ២០១៦ លោក អ៊ាង សុផល្លែត ក៏ដូរមកបម្រើការនៅក្រសួងបរិស្ថានវិញ ក្នុងមុខតំណែងជាអនុរដ្ឋលេខាធិការ ហើយនៅអំឡុងខែកញ្ញា ឆ្នាំ២០១៨ លោកក៏ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកលើការងារ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ចាប់តាំងពីមកកាន់តំណែងនៅក្រសួងបរិស្ថាន លោកបានចូលរួមយ៉ាងជាប់លាប់ជាមួយការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់វិស័យបរិស្ថាន ហើយបានចូលរួមនៅក្នុងវេទិកាអន្តរជាតិជាច្រើនទាក់ទងនឹងបញ្ហាបរិស្ថាន និងវិធានការឆ្លើយតបជាសកល៕