តោះមកដឹងពីជីវប្រវត្តិ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលទើបតែងតាំងថ្មី
ភ្នំពេញ: លោក កែវ រតនៈ ក្លាយជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សម្រាប់នីតិកាលទី ៧នៃរដ្ឋសភានេះ បន្ទាប់ពីលោកបានកាន់តំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា អស់រយៈពេល ១៥ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨មក។
បច្ចុប្បន្ន លោក កែវ រតនៈ មានវ័យ ៥០ឆ្នាំ ហើយមុនពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនេះ លោកបានកាន់តួនាទីកំពូលនៅក្នុងស្ថាប័នអគ្គិសនីកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនោះចន្លោះពីឆ្នាំ ២០០៦-២០០៨ ជាប្រធានក្រុមប្រឹក្សាភិបាលអគ្គិសនីកម្ពុជា និងចន្លោះពីឆ្នាំ ២០០៨-ខែសីហា ២០២៣ ជាអគ្គនាយកអគ្គិសនីកម្ពុជា។
ជាមួយគ្នានេះ ក្នុងអំឡុងឆ្នាំ ២០០៦ លោក កែវ រតនៈ ក៏ធ្លាប់កាន់តួនាទីជានាយកខុទ្ទកាល័យក្រសួងរ៉ែ និងថាមពល និងទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន។ បន្ថែមពីនេះ កាលពីថ្ងៃទី ៦ខែកញ្ញា ឆ្នាំ ២០១៨ លោក ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារអគ្គនាយកអគ្គិសនីកម្ពុជាផងដែរ។
ក្នុងភារកិច្ចដឹកនាំស្ថាប័នអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកែទម្រង់នៅក្នុងស្ថាប័ននេះ ក្នុងការកៀគរចំណូលចូលថវិកាជាតិ ការផ្លាស់ប្តូរការទូទាត់ថ្លៃអគ្គិសនីកាន់តែងាយស្រួលជាងមុន តាមរយៈប្រព័ន្ធអេឡិចត្រូនិក និងទូរសព្ទដៃ ជាមួយធនាគារជាដៃគូ ជំរុញឲ្យមានការវិនិយោគបន្ថែមទៅលើការផលិតថាមពលនៅក្នុងស្រុក ជាពិសេសការវិនិយោគលើប្រភពថាមពលកកើតឡើងវិញ ឬបៃតង ក្នុងគោលបំណងធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីកាន់តែមានស្ថិរភាព គុណភាព តម្លៃសមរ្យ និងគ្រប់គ្រាន់ឆ្លើយតបនឹងត្រូវការប្រើប្រាស់ទៅតាមកំណើនមនុសុ្ស និងសេដ្ឋកិច្ចជាតិ។
ពាក់ព័ន្ធកម្រិតវប្បធម៌ លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលថ្មី រូបនេះ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាល និងគ្រប់គ្រងឧត្តមសិក្សា ឆ្នាំ ១៩៩៧ ពីសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក និងថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍន៍អន្តរជាតិ ឆ្នាំ ១៩៩៩ នៅប្រទេសជប៉ុន៕