ព័ត៌មានជាតិ

រមណីយដ្ឋានភ្នំកំពង់ត្រាច កាន់តែទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងមុន

image


កំពត៖ បន្ទាប់ពីអាជ្ញាធរបានស្ថាបនាផ្លូវចូល និងផ្លូវក្រវ៉ាត់ជើងភ្នំជាបេតុងរួចមក ការធ្វើដំណើរទៅកាន់កន្លែងកម្សាន្តសំខាន់ៗនៅជុំវិញរមណីយដ្ឋានភ្នំកំពង់ត្រាច កាន់តែមានភាពងាយស្រួលជាងមុន។ ការណ៍នេះ អ្នកវិនិយោគ និងពលរដ្ឋបានបង្កើតកន្លែងផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗជាច្រើន និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តច្រើនជាងមុន ធ្វើឱ្យពលរដ្ឋនៅតំបន់នោះក៏រកចំណូលបានបន្ថែម។

ម្ចាស់អាហារដ្ឋាន “កូនភ្លោះជើងភ្នំ” កញ្ញា ស្រី ធំ បានឱ្យដឹងថា បន្ទាប់ពីអាជ្ញាធរបានស្ថាបនាផ្លូវបេតុងតភ្ជាប់ពីផ្លូវជាតិលេខ៣៣ មកភ្នំកំពង់ត្រាច និងផ្លូវបេតុងក្រវ៉ាត់ជើងភ្នំរួចមក បានសង្កេតឃើញថា មានអ្នកវិនិយោគ និងពលរដ្ឋបានមកបើកជាអាហារដ្ឋាន និងកន្លែងសម្រាកលម្ហែនៅជុំវិញបរិវេណតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាចជាច្រើនកន្លែង។ សម្រាប់អាហារដ្ឋាននេះ ក៏មានភ្ញៀវទេសចរចូលសម្រាកលំហែរកម្សាន្ត និងជួយគាំទ្រច្រើនផងដែរ ដោយសាររស់ជាតិម្ហូបអាហារ និងសេវាកម្មល្អ ព្រមទាំងមានតម្លៃសមរម្យ។

ចំណែកឯម្ចាស់ហាងកាហ្វេរភ្នំស អ្នកស្រី លឹម លីកីន ដែលមានទីតាំងជិតតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាចដែរនោះ បានឱ្យដឹងថា ទើបនឹងបើកដំណើរការបានប្រហែលជាមួយឆ្នាំប៉ុណ្ណោះ ហើយបន្ទាប់ពីមានផ្លូវល្អកំណើនទេសចរ និងភ្ញៀវទូទៅបានទៅលេងកម្សាន្តច្រើនជាងមុន។ ដោយស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តល្អឡើងវិញ ហើយភ្ញៀវទេសចរបន្តមានកំណើនដែរនោះ អ្នកស្រីគ្រោងនឹងបង្តើតជា រីស៊ត មួយបន្ថែមទៀតនៅតំបន់នោះ។

ជាភ្ញៀវទេសចរក្នុងស្រុក ដែលឧស្សាហ៍ទៅលំហែរកម្សាន្តនៅតំបន់ភ្នំកំពង់ត្រាច លោក យ៉ាំ បានបង្ហាញពីអារម្មណ៍ថា រាល់ពេលទំនេរពីការងារ លោកតែងតែទៅសម្រាកកម្សាន្តនៅរមណីយដ្ឋានកំពង់ត្រាច ព្រោះថាទីនោះ មានកន្លែងកម្សាន្តច្រើន បរិយាកាស និងទេសភាពធម្មជាតិស្រស់ស្រាយ មានភាពទាក់ទាញ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងបំបាត់ភាពស្មុគស្មាញ ពិសេសមានអាហារឆ្ងាញ់ៗ មានតម្លៃសមរម្យទៀតផង។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានឱ្យដឹងថា រមណីយដ្ឋានភ្នំកំពង់ត្រាច ជាទិសដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់កម្ពុជា ក៏ដូចជាខេត្តកំពត។ បច្ចុប្បន្នអាជ្ញាធរ និងជំនាញបាននិងកំពុងយកចិត្តទុកដាក់រៀបចំកែលម្អសោភណ្ឌភាព ពិសេសការលើកកម្ពស់គុណភាពផ្លូវក្រាលគ្រួស មកជាផ្លូវបេតុងជាបន្តបន្ទាប់ ទៅតាមដំណាក់កាល ដើម្បីទាក់ទាញភ្ញៀវទេចរ អ្នកវិនិយោគ ព្រមទាំងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បី លើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ វង្ស សុធារម្យ