ស្វាយលើ អតីតសមរភូមិ ក្លាយជាទឹកដីមាសបៃតង នៅខេត្តសៀមរាប
សៀមរាប៖ ស្វាយលើ ជាស្រុកមួយស្ថិតនៅតំបន់ឦសាននៃខេត្តសៀមរាប។ កាលបើនិយាយពីស្រុកមួយនេះ គេតែងនឹកស្រមៃថា ទីនេះជាតំបន់ដែលដាច់ស្រយាល និងជាទឹកដីនៃសមរភូមិក្តៅក្នុងអំឡុងដែលកម្ពុជាកើតមានសង្គ្រាមស៊ីវិល។
ប៉ុន្តែមកដល់ពេលនេះ ស្រុកស្វាយលើ បានប្រែមុខមាត់ថ្មី នឹងក្លាយជាទឹកដីមាសបៃតងមួយទៀតរបស់ខេត្តសៀមរាប។
លោក អៀង ពិសិដ្ឋ អភិបាលស្រុក ស្វាយលើ បានឲ្យដឹងថា ចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ និងការអនុវត្តយុទ្ធសាស្រ្តនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍ រីកចម្រើន គ្រប់វិស័យ។ ក្នុងនោះខេត្តសៀមរាប ជាពិសេសស្រុកស្វាយលើផ្ទាល់តែម្តង ដែលស្រុកនេះ មានឱកាសប្រែខ្លួនជាតំបន់សង្គ្រាម ទៅជាតំបន់ដែលមានសក្តានុពលលើផ្នែកកសិកម្ម និងទេសចរណ៍។
លោក អៀង ពិសិដ្ឋ បានលើលឡើងថា “ស្រុកស្វាយលើជាតំបន់ខ្ពង់រាប ដូច្នេះទីតាំងនេះ បានបង្កលក្ខណៈអំណោយផល លើផ្នែកដំណាំកសិកម្មដូចជាដំឡូងមី នឹងស្វាយចន្ទី”។
លោកបន្តថា ដោយឡែកសម្រាប់វិស័យទេសចរណ៍វិញ ស្រុកដែលជាប់នឹងភ្នំគូលែនមួយនេះ ក៏បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់មួយដែរ។
លោក អៀង ពិសិដ្ឋ លើកឡើងថា តំបន់ទេសចរណ៍ធំៗនៅក្នុងស្រុកស្វាយលើនេះ មានប្រាសាទបេងមាលាដ៏ស្រស់ស្អាត មានរមណីយដ្ឋានទេសចរណ៍ដ៏សំបូរបែប នៅលើភ្នំគូលែន។
លោកអភិបាលស្រុកស្វាយលើ បានអះអាងថា ដោយសារសកត្តានុពលទាំងអស់នេះ បានធ្វើឲ្យវិស័យឯកជនធ្វើការវិនិយោគជាមួយធនធានធម្មជាតិនៅស្រុកស្វាយលើ ។ លោកថា ជាក់ស្តែងថ្មីៗនេះស្រុក បានទទួលការចូលរួមវិនិយោគលើវិស័យទេសចរណ៍ពីផ្នែកឯកជនដ៏ធំចំនួន២ មួយគឺស្ពានពស់ និងមួយទៀត ឈ្មោះធីសក្ត័រីសត ដែលការវិយោគនេះ បានជំរុញកំណើនការងារ និងសេដ្ឋកិច្ចពលរដ្ឋក្នុងតំបន់នេះបានយ៉ាងប្រសើរ។
លោក វីរៈ ដែលជាជំនួយការរបស់ម្ចាស់រមណីយដ្ឋាន ធិសក្ត័ បានឲ្យដឹងថា ការរជ្រើសរើសយកទីតាំងជើងភ្នំគូលែននេះ សម្រាប់បង្កើតជារមណីដ្ឋាននេះ ព្រោះវាជាចំណុចកណ្តាលមួយដែលអាចឲ្យយើងបង្កើតជាខ្សែទស្សនាមួយបន្ថែមទៀតក្នុងការទាក់ទាញអ្នកទេសចរ ទាំងជាតិនិងអន្តរជាតិឲ្យមកទទួលយកនូវបទពិសោធន៍នៃដំណើរកម្សាន្តថ្មីមួយ។ លោកលើកឡើងថា ប្រសិនបើអ្នកទេសចរណ៍គាត់មានពេលខ្លី ហើយចង់ដើរកម្សាន្តច្រើនទីតាំងនោះ ពួកគាត់អាចជ្រើសរើសយកស្រុកស្វាយលើជាគោលដៅទេសចរណ៍បាន ដោយពួកគាត់អាចធ្វើដំណើរចូលមកកម្សាន្តនៅប្រាសាទបឹងមាលា រួចអាចមកទទួលទានអាហារថ្ងៃត្រង់នៅរមណីយដ្ឋានធីសក្ត័ អាចដើរលេងមើលទេសភាពនៅក្នុងរមណីយដ្ឋាន និងទៅទស្សនានៅពើងគំនូរនៅជើងភ្នំគូលែន។
លោកវីរៈ បន្តថា ជាមួយគ្នានេះ ខាងរមណីយដ្ឋានក៏មានរៀបចំសេវាស្នាក់នៅ តាមបែបទំនើបសម្រាបអ្នកទេសចរដែលមានបំណង់ចង់ស្នាក់នៅទីផ្ទាល់ ដែលការស្នាក់នៅនេះ ក៏បានបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរ ដោយពួកគាត់អាចគន់ទេសភាពដ៏ស្រស់ស្អាត មើលមេឃចុះអ័ព្ទនាពេលព្រលឹមយ៉ាងស្រស់ស្រាយ។ ហើយបន្ទាប់មកពួកគាត់អាចបន្តដំណើរកម្សាន្តរបស់ពួកគាត់ នៅលើភ្នំគូលែន តាមផ្លូវបេតុងដែលទើបស្ថាបនាថ្មី ឬក៏អាចបន្តទៅកម្សាន្តនៅប្រាសាទកោះកែរក៏បាន។
ទេសភាពដ៏ត្រកាល បានធ្វើឲ្យអ្នកទេសចរមកម្តងហើយ ចង់មកម្តងទៀត។
អ្នកស្រី អឿត គឹមអ៊ត មកពីខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកស្រីបានមករមណីយដ្ឋាន ធីសក្ត័នេះ ម្តងរួចមកហើយ ។ អ្នកស្រីថា ការស្នាក់នៅទីនេះ មានអារម្មណ៍ថា ស្រស់ស្រាយ ពេលក្រោកពីគេងបានឃើញទេសភាពស្រស់បំពង អាចដើរហាត់ប្រាណជាមួយធម្មជាតិបានថែមទៀត។
ចំណែកអ្នកស្រីមឿន សាវឿន មកពីស្រុកពួក ខេត្តសៀមរាប ក៏បានឲ្យដឹងដែរថា អ្នកស្រីនិងក្រុមគ្រួសារ សុទ្ធតែធ្លាប់បានមកសម្រាកនៅធិសក្ត័ ហើយលើកនេះ អ្នកស្រី និងញាតិមិត្ត បានមូលមតិគ្នាយកចង្ហាន់ប្រគេនព្រះសង្ឃគង់នៅវត្តព្រះក្រាល លើភ្នំគូលែន នោះ ក៏សម្រេចជ្រើសរើសការស្នាក់នៅជើងភ្នំនេះម្តងទៀត ។ អ្នកស្រីថា នៅទីនេះ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ និងមានផាសុកភាព៕