ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង សម្រេចឲ្យបិទផ្លូវដែលពង្រីកប៉ះពាល់ជើងប្រាសាទថ្នមប្តី ដោយកំណត់ឲ្យធ្វើផ្លូវវាងជំនួសវិញ
កំពង់ឆ្នាំង៖ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានសម្រេចឲ្យបិទផ្លូវ ដែលបានធ្វើការពង្រីកនាំឲ្យប៉ះពាល់ជើងប្រាសាទស្លុតី ឬប្រាសាទថ្នមប្តី ដោយកំ ណត់ឲ្យធ្វើវាងជំនួសវិញ។
ការសម្រេចបែបនេះ ធ្វើឡើងក្នុងខណៈដែលលោកប្រធានមន្ទីរ ដឹកនាំមន្ត្រីជំនាញ រួមនិងមន្ត្រីអាជ្ញាធរចុះទៅពិនិត្យមើលជាក់ស្តែងនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
លោក សុខ ធួក បានឲ្យដឹងថា ពីមុនផ្លូវនេះជាផ្លូវរទេះតូចទេ ប៉ុន្តែកាលពីពេលថ្មីៗនេះ អាជ្ញាធរបានធ្វើការអភិវឌ្ឍ ដោយពង្រីកផ្លូវឲ្យធំជាងមុន។ តែដោយពិនិត្យឃើញប៉ះពាល់ដល់ជើងប្រា សាទ ទើបសម្រេចបិទ និងឲ្យចាក់ដីលប់បំពេញដូចដើមវិញ ហើយឲ្យធ្វើផ្លូវវាងទៅខាងលិចប្រាសាទ ដែលមានចម្ងាយជាង ៥០ម៉ែត្រជំនួសវិញ។
សូមបញ្ជាក់ថា ប្រាសាទស្លុតី ឬ ប្រាសាទថ្នមប្តីជាប្រាសាទសង់លើទីទួលមួយក្បែរជំរាលនៃភ្នំទូកមាស ស្ថិតនៅក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ប្រាសាទថ្នមប្តីកសាងឡើងពីឥដ្ឋក្រហមក្នុងសម័យបុរេអង្គរ មានប្រាង្គបីស្ថិតនៅទន្ទឹមគ្នាបែរមុខទៅទិសខាងកើត តែប្រាង្គកណ្តាលត្រូវបានខូចខាតអស់ទាំងស្រុង នៅសល់តែតួប្រាង្គពីរទេ ដែលកំពុងប្រឈមនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ៕
អត្ថបទ៖ ហឹង ចូច