សង្គម

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញថា តំបន់រមណីយដ្ឋាននៅខេត្តបាត់ដំបង បានត្រៀមខ្លួនជាស្រេច ដើម្បីទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

image


បាត់ដំបង៖ បាត់ដំបង គឺជាខេត្ត ដែលមានសក្តានុពលដ៏សំបូរបែបក្នុងវិស័យទេសចរណ៍ទាំងកន្លែងដើរលេងកម្សាន្ត ការស្នាក់នៅ ការហូបចុក និងមធ្យោបាយធ្វើដំណើរ ជាពិសេសគឺសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ ដែលរហូតមកដល់នឹងពេលនេះខេត្ត មានវិសាលភាពរមណីយដ្ឋានទេសចរណ៍និងគោលដៅទេសចរណ៍នៅទូទាំងខេត្តបាត់ដំបងសរុបទាំងអស់ចំនួន១១១ទីតាំង ក្នុងនោះរមណីយដ្ឋានទេសចរណ៍មានចំនួន២០ទីតាំង សហគមន៍ និងអេកូទេសចរណ៍មានចំនួន៤ទីតាំង គោលដៅទេសចរណ៍មានចំនួន៥៤ទីតាំង ទេសចរណ៍សាសនាមានចំនួន២៩ទីតាំង និងកសិ-ទេសចរណ៍ មានចំនួន៤ទីតាំង ។

លោក អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ហម អរុណ បានបញ្ជាក់ថា ចំពោះរមណីយដ្ឋានទេសចរណ៍ទាំង២០ទីតាំងនោះ គឺមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមានចំនួន ៥ទីតាំង រមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃមាន១ទីតាំង រមណីយដ្ឋានវប្បធម៌ធម្មជាតិ មាន១ទីតាំង រមណីយដ្ឋានធម្មជាតិកែច្នៃមាន១០ទីតាំង និងកីឡាទេសចរណ៍មាន០៣ទីតាំង ដែលរមណីយដ្ឋានទាំងអស់ដែលខេត្តបាត់ដំបង មាននោះ បានត្រៀមខ្លួចរួចជាស្រេច ដើម្បីទទួលបម្រើភ្ញៀវទេសចរមកលេងកម្សាន្ត នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ។

លោក អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញឲ្យដឹងដែរថា រមណីយដ្ឋានសំខាន់ៗទាំង២០ទីតាំងនោះមានដូចជា រមនីយដ្ឋានប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទស្នឹង ប្រាសាទបាសែត ភ្នំសំពៅ អាងកំពីងពួយ ល្អាង១០០ភ្នំប្រាំពីរ ទឹកធ្លាក់ចំការស្វាយ ចំការមៀន ទឹកធ្លាក់ថ្មដាចំការទុរេន ស្ទឹងថ្វាក ចំការទុរេនអូរតង ទឹកធ្លាក់ភ្នំកំពូល ទឹកពុះកំរៀង ទឹកធ្លាក់៥៣ភ្នំព្រឹក នគរជុំភ្នំព្រឹក សួនទឹកសុភមង្គល ឡូរីជើងភ្នំបាណន់ វាលចម្បាំងខេមសាយ និងរមណីយដ្ឋានដាយមិនរីសត និងសហគមន៍អេកូទេសចរណ៍ព្រែកទាល់ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ សហគមន៍ទេសចរណ៍វប្បធម៌វត្តគរ និងសហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច ។

ក្មួយស្រី ឌុច សុធារ័ត្ន រស់នៅខេត្តព្រៃវែង ក្នុងពេលមកចូលរួមជួបជុំក្រុមគ្រួសារនៅក្រុងបាត់ដំបង បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ខណៈពេលដែលបានដើរលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង ជាពិសេសរមណីយដ្ឋានប្រាសាទបាណន់ និងបានជិះឡូរីកម្សាន្តនៅជើងភ្នំបាណន់ បានបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ សម្រាប់ក្មួយស្រីមកលេងខេត្តបាត់ដំបង ហើយក្មួយស្រីបានទទួលស្គាល់ថា ទឹកដីនៃខត្តបាត់ដំបង ពិតជាមានភាពស្រស់បំព្រង ដែលប្រកបទៅដោយរមណីយដ្ឋានបែបធម្មជាតិ គួរឲ្យគយគន់ មកម្តងហើយចង់មកម្តងទៀត ។

លោក អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ហម អរុណ បានបង្ហាញនូវការរំពឹងទុកថា តាមរយៈនៃតំបន់រមមណីយដ្ឋានដែលខេត្តបាត់ដំបង បានត្រៀមក្នុងការទទួលភ្ញៀវទេសចរនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ សង្ឃឹមនិងជឿជាក់ថា ខេត្តបាត់ដំបង នឹងមានភ្ញៀវទេសចរមកលេងកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនកើនឡើងច្រើននៅតាមរមណីយដ្ឋាននានារបស់ខេត្តបាត់ដំបង ដោយសារតែប្រជាជនខេត្តបាត់ដំបងមានចំនួនច្រើន ហើយអ្វីដែលគេស្គាល់ខេត្តបាត់ដំបង គឺការអភិវឌ្ឍលូតលាស់ច្រើន ទើបធ្វើឲ្យមានការទាក់ទាញមួយផ្នែកដល់ភ្ញៀវទេសចរ មកលេងខេត្តបាត់ដំបង នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ៕

ដោយ៖ ឡាច សុគន្ធាវី