ព័ត៌មានជាតិ

ចលនា៣ល្អរបស់ កុមារ និង យុវជន ជាចំណែកមួយដ៏សំខាន់បំផុតក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា

image


សៀមរាប៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាចលនាបីល្អរបស់កុមារ និងយុវជន ជាចំណែកមួយដ៏សំខាន់បំផុតនៅក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ស៊ាន បូរ៉ាត បានលើកឡើងបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ កូនល្អ សិស្សល្អ មិត្តល្អ ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ក្រោមប្រធានបទ (ការចាប់ផ្តើមរបស់កុមារ និង យុវជន ដើមី្បក្លាយខ្លួនជាមូលធនមនុស្ស ) នៅក្រុងសៀមរាប នាព្រឹក ថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២៣ នេះ។
លោក បានថ្លែងថា ចលនា៣ល្អរបស់យុវជន និងកុមារ គឺជាចំណែកមួយ ដ៏សំខាន់ក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្ស ។ ដូច្នេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍចលនាប្រឡងប្រណាំង៣ល្អរបស់យុវជន និងកុមារ ក្រសួងអប់រំបានដាក់ចេញនូវសេចក្តីណែនាំកាលពីឆ្នាំ២០០៩ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តចលនាប្រឡងប្រណាំង៣ល្អរបស់យុវជន និងកុមារ គឺ(កូនល្អ សិស្សល្អ និង មិត្តល្អ ) ក្នុងទម្រង់ជាការប្រកួតប្រជែងធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញ សំដៅលើកកម្ពស់ការចូលរួមរបស់យុវជននិងកុមារ លើសកម្មភាពការសិក្សារៀនសូត្រ ការងារសង្គម គ្រួសារ និងសកម្មភាពមិត្តជួយមិត្ត ក្នុងនាមជាមាសជិកក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា និង ជម្រុញការអនុវត្ត ចលនាប្រឡងប្រណាំង ៣ល្អ កាន់តែមានភាពប្រសើរឡើង។

លោកបណ្ឌិត ស៊ាន បូរ៉ាត បានជំរុញឲ្យមន្រ្តី ថ្នាក់ដឹកនាំយុវជន និងកុមារគ្រប់ថ្នាក់ ពិសេសយុវជន និងកុមារដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ជំរុញចលនាប្រឡងប្រណាំង៣ល្អ ឲ្យក្លាយជាចលនាមួយដ៏មានប្រសិទ្ធភាព ស្រមតាមប្រធានបទ ក្នុងការអភិវឌ្ឍសមត្ថភាពយុវវ័យដែលជាផ្នែក មួយដ៏សំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់ គុណភាពអប់រំ ដោយផ្អែកតាមសសរស្តម្ភទាំង៤នៃការអបរំ គឺរៀនដើម្បីទទួលបានចំណេះដឹង រៀនដើម្បីចំណេះធ្វើរៀនពីបទ ពិសោធន៍ រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនរស់នៅជាមួយគ្នា ធ្វើការងារជាក្រុមស្រប ទៅតាមការវិវឌ្ឍរបស់សង្គម។

លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានលើកនូវយន្តការបស់រាជរដ្ឋាភិបាលអាណតិ្តទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជា សសរស្តម្ភដ៏រឹងមាំនៅកម្ពុជា ។ វិស័យអប់រំកំពុងមានការអភិវឌ្ឍគ្រប់ផ្នែក ដើម្បីលើកកម្ពស់សមត្ថភាពសិស្ស-និស្សិត និងប្រជាពលរដ្ឋ ទូទៅឲ្យមានជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខ្ពង់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការន ទីផ្សាការងារ ពិសេសផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍកម្លាំង យុវវ័យជាកម្លាំងដ៏ខ្លាំងក្លា សម្រាប់បន្តវេន្តអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត ។
លោកថាផ្តើមចេញពីសកម្មភាពជំរុញចលនា៣ល្អកន្លងមកក្មួយៗយុវជន-កុមារជាច្រើនបានចាប់អារម្មណ៍ និង បានផ្លាស់ប្តូរផ្នត់គំនិត និងទំលាប់ធ្វើការងារស្ម័គ្រចិត្ត និង ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ប្រកបដោយមោទនភាពជាតិ និង ការខិតខំកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្តទុកដាក់ជួយមិត្តភ័ក្តិ គ្រួសារ និងសង្គមជាតិ ព្រមទាំងសង្វាតសិក្សារៀនសូត្របានជាបន្តបន្ទាប់ ។

លោកបណ្ឌិតរដ្ឋលេខាធិការ បានធ្វើការផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ រាជធានី ខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះវេទិកាពិភាក្សា និងវាយតម្លៃឲ្យបានផុលផុសនូវបញ្ហាមួយចំនួន ក្នុងការពង្រឹងយន្តការក្រុមប្រឹក្សាកុមារ-យុវជន ជាពិសេសការស្គាល់អំពីតួនាទីរបស់ក្រុមប្រឹក្សា និងស្គាល់ខ្លួនឯងថា ជាសមាជិកក្រុមប្រឹក្សា ដើម្បីជំរុញការអនុវត្តចលនាពល្អនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ។ ត្រូវខិតខំរិះរកវិធានការថ្មីៗ ព្រមទាំងបញ្ហាសំខាន់ៗដែលតម្រូវការ ពិតប្រាកដីទាមទារឱ្យមានដំណោះស្រាយ ដើម្បីជំរុញចលនាប្រឡងប្រណាំង៣ល្អ ក្លាយជាចលនា ដោយសុខសន្តិភាព ធ្វើការងារជាក្រុមស្របទៅតាម ការវិវឌ្ឍរបស់សង្គមបែបប្រជាធិបតេយ្យមួយដែល មានវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសយើង ដូចប្រសាសន៍របស់ សម្តេចមហាបថរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើកឡើងថា “ ការធ្វើទំនើបកម្ម សង្គមត្រូវផ្សារភ្ជាប់ទៅនឹងសីលធម៌និងឥរិយាបទរបស់មនុស្ស» នៅពេលយើងមានមនុស្សរឹងមាំ យើងនឹងមានអ្វីៗទាំងអស់ ៕

អត្ថបទ៖ ជា ស្រស់