ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនកាន់បិណ្ឌទី៤នៅវត្តលង្កាព្រះកុសុមារាមក្នុង រាជធានីភ្នំពេញ 

image

ក្នុងនាមជាពុទ្ធសាសនិកជន ដែលគោរពប្រតិបត្តិ និង គាំទ្រវិស័យព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយសទ្ធាជ្រះថ្លានោះ នាថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវជាវេនកាន់បិណ្ឌទី៤នៃពិធីបុណ្យភ្ជុំបិណ្ឌ  មហាឧបាសិកាប៊ុន ស៊ាងលី បានដឹកនាំបុត្រាបុត្រី និងបុត្រប្រសារ មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមគ្រី ទូចនិងលោកជំទាវ  លោកជំទាវប៊ុន សុថា លោកស្រី ប៊ុន សាមលែន និង ស្វាមី រួមជាមួយក្រុមគ្រួសារ ព្រមទាំងនិងថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញនាំ យកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និង បច្ច័យ ប្រគេន ព្រះសង្ឃ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងក្នុងរាជធានីភ្នំពេញ។

ពិធីនេះប្រព្រឹត្តតាមប្រពៃណីទំនៀមទម្លាប់ និង គន្លងព្រះពុទ្ធសាសនា ដោយមានបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ  និងធ្វើបទនមស្ការសមាទានសីល ជាកិច្ចរំលឹកនឹកដល់គុណ បុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់តាមប្រពណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើងពិសេសរំលឹកដល់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹង នូវ អនុត្តរៈ សម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏ វិសេសវិសាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន ដែលពុទ្ធ ឱវាទនិងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ឲ្យប្រកាន់ខ្ជាប់ នូវអំពើល្អ អំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល កសាងនូវកុសលទាន តម្កល់ទុកសម្រាប់ អនាគតជាតិ។

ពិសេសនោះ ពុទ្ធបរិស័ទគ្រប់រូប ត្រូវគោរពប្រតិបត្តិនិងដឹងគុណ ចំពោះបុព្វការីជន មាន មាតាបិតា ទាំង រូបលោក នៅមានអាយុសង្ខាក្ដី ឬមរណកាលទៅហើយក្ដី។បន្ទាប់ធ្វើបទនមស្ការបានចប់សព្វគ្រប់ សម្តេចព្រះអរិយ៍វង្ស សៅរ៍ ចន្ទថុលព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម និង ព្រះសង្ឃព្រះសង្ឃជាច្រើនអង្គ បានភត្តានុមោទនា ព្រះសត្តប្ប ករណាភិធ្មមបង្សុកូលជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា គ្រូឧប្ឈាយាចារ្យនិងញាតិការទាំង៧សណ្ដានរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ជាពិសេសសូមឧទ្ទិសជូនវិញ្ញាណក្ខន្ធ មហាឧបាសកលីន គ្រី បិតាបង្កើតសម្តេច កិត្តិព្រឹទ្ធបណ្ឌិតដែលបានប្រតិស្ថាននៅឃុំរកាខ្នុរស្រុកក្រូចឆ្មារនេះនិងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតីហ៊ុននាងនិងមហាឧបាសិកាឌី បុកបិតាមាតាបង្កើតសម្តេចអគ្គមហាសេនាបតីតេជោ និងវិញ្ញាណក្ខន្ធកុមារា ហ៊ុនកំសត់ ដែលបានធ្វើមរណកាលទៅហើយនោះ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លាងឃា្លតឡើយ។ មួយផ្នែកនៃកុសលផលបុណ្យ ដែល កើតឡើងក្នុងថ្ងៃនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏សូមឧទ្ទិសប្រគេននិងជូនព្រះវិញ្ញាណក្ខន្ធអតីតសម្ដចព្រះសង្ឃរាជ សម្ដេចព្រះសង្ឃនាយក ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ វិញ្ញាណក្ខន្ធវីរជន អ្នកស្នេហាជាតិ ដែលបានពលី ជីវិត ក្នុងបុព្វហេតុ ជាតិ មាតុភូមិ ព្រមទាំងវិញ្ញាណក្ខន្ធ ជនរួមជាតិខ្មែរស្លូតត្រង់ដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតសូមឲ្យវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីអាក់ខានឡើយ។ ក្រោយពីពិធីរាប់បាត្រ  និងបានប្រគេនគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ ដល់ព្រះសង្ឃរួច  សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និង ក្រុមគ្រួសារ ក៏បានធ្វើ ទានជាមួយដូនជីស្នាក់នៅសិក្សាព្រះធម៌ក្នុងវត្តលង្កាដោយម្នាក់ៗក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល ។

សូមជម្រាបថា ៖ សម្រាប់បច្ច័យដែលទទួលបានក្នុងពិធីកាន់បិណ្ឌទី៤នៃពិធីបុណ្យភ្ជុំបិណ្ឌដែលដឹកនាំដោយមហាឧបាសិការប៊ុន ស៊ាងលីមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតគឺសរុបមានចំនួន១៥លាន៩សែន ៧ម៉ឺន៥ពាន់រៀលនិង៤២២០ដុល្លារអាមេរិក នេះបើតាមការប្រកាសរបស់អាចារ្យវត្តលង្កា ព្រះកុសុមារាម។ ហើយក៏សូមរំលឹកផងដែរថា ៖ ពិធីបុណ្យកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌនេះត្រូវបានប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននិងប្រារព្វឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ៕អត្ថបទ ៖ ថឹង ចាន់ថារ៉ាន់ , រូប ៖ ង៉ាន់ សំណាង , ទេព ពិសិទ្ធ