សង្គម

រដ្ឋមន្ត្រីអប់រំ៖ សិស្សជាប់និទ្ទេស A, B និង C ចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិ នៅមិនទាន់សម្រេចជាផ្លូវការទេ​គ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ

image


អត្ថបទ៖ វឿន សាវុធ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា ករណីសិស្សជាប់និទ្ទេស A, B និង C ចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ ពោលគឺនៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ។
​ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែតុលា នៅទីស្តីការក្រសួង លោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា ជាគោលការណ៍រដ្ឋចង់ឲ្យសិស្សជាប់និទ្ទេស A, B និង Cក្លាយជាគ្រូ។ដូច្នេះជាគោលការណ៍រួមដែលក្រសួងបានដាក់ចេញក៏ប៉ុន្តែ​ស្ថិតនៅភាពជាក់ស្តែងអាចថាសិស្សខ្លះគាត់ចង់ធ្វើជាគ្រូខ្មែរឬគ្រូគណិតវិទ្យាដោយឧទាហរណ៍ថាគាត់អាចខ្សោយមុខវិជ្ជាគីមី តែពូកែគណិតវិទ្យា។ ដូចនេះគាត់អាចដាក់ពាក្យប្រឡងក្លាយខ្លួនទៅជាគ្រូគណិតវិទ្យា។ជារួមជាគោលការណ៍ក្រសួងចង់ឲ្យសិស្សដែលពូកែក្លាយជាគ្រូ។
​ជាគោលករណ៍របស់រាជរដ្ឋាភិបាលគឺចង់ឲ្យមានការប្រឡងដើម្បីឲ្យសិស្សបង្ហាញពីសមត្ថភាពខ្លួនឯងអាចធានាបានថាពេលប្រឡងបាក់ឌុបរាងធ្លាក់ពិន្ទុបន្តិចប៉ុន្តែពេលខំរៀនបន្តពេលទៅប្រឡងគ្រូអាចទទួលបានពិន្ទុល្អជាងដោយសារការប្រឡងគ្រូខុសពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអាចបាននិទ្ទេសA, B និង C មានចំនួនច្រើនតែប្រឡងចូលគ្រូគឺប្រឡងតាមបែបប្រណាំងប្រជែងនរណាបានពិន្ទុខ្ពស់ជាងនឹងជាប់។ នេះជាការបញ្ជាក់របស់រដ្ឋមន្ដ្រីក្រសួងអប់រំ។
ក្រសួងអប់រំ បានកំណត់កូតាសម្រាប់ «សិស្សនិទ្ទេស A, B និង C ដើម្បីជ្រើសរើសចូលធ្វើគ្រូបង្រៀន» ដោយឆ្លងកាត់ការវាយ តម្លៃទៅតាមលក្ខណៈវិនិច្ឆ័យដែលនឹងបានកំណត់ (អាចជ្រើសរើសផ្អែកតាមលំដាប់ពិន្ទុពេលប្រឡង)។ ដោយឡែក កូតានៅសល់សម្រាប់បេក្ខជនផ្សេងទៀត ដោយត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដូច ធម្មតា ដែលនឹងដឹកនាំដោយក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាងទីស្ដីការគណៈ រដ្ឋមន្ត្រី។ នេះបើយោងតាមឯកសារស្តីពីការសម្រួចអាទិភាព នៃកំណែទម្រង់វិស័យអប់រំយុវជន និងកីឡាសម្រាប់ឆ្នាំ ២០២៣-២០២៨ដែលចេញផ្សាយនៅក្នុងខែសីហា ឆ្នាំ២០២៣៕