សង្គម

កម្មកររោងចក្រ អេលីហ្គេនហ្គាម៉ិនឯ.ក ២០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ា បន្ទាប់ពីបញ្ឈប់កម្មករ ១៤នាក់ និងកាត់ប្រាក់អត្ថប្រយោជន៍

image


ភ្នំពេញ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរ អេលីហ្គេនហ្គាម៉ិនឯ.ក ប្រមាណ ២០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខរោងចក្រ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្នើរសុំក្រសួងការងារជួយដោះស្រាយជូនពួកគាត់ចំនួន ៩ចំណុច។

យោងតាមប្រភពពីកម្មករ បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យមានការតវ៉ា បន្ទាប់ពីថៅកែរោងចក្រថ្មី បានបញ្ឈប់កម្មករចំនួន ១៤នាក់ ដែរភាគច្រើនជាតំណាងសហជីពរបស់កម្មករ និងកាត់លុយព្រីមរបស់ពួកគាត់ចំនួន ៥ដុល្លារ នៅសល់តែ ១០ដុល្លារ។

គោលបំណងក្នុងការប្រមូលផ្តុំតវ៉ានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នំា២០២៣ ក្រុមកម្មករទាមទារ ៩ចំណុច៖

១. ទាមទារឱ្យក្រុមហ៊ុនទូរទាត់ប្រាក់អតីតភាពការងារពីក្រុមហ៊ុនបានបិទទ្វារក្រុមហ៊ុនចាស់ តាមច្បាប់ស្តីពីការងារ។

២. ទាមទារឱ្យក្រុមហ៊ុនរក្សាលុយព្រីម(លុយបន្ថែម) ឱ្យនៅចំនួន ១៥ដុល្លារដដែល តាមអនុវត្តកន្លងមក។

៣. ស្នើរសុំក្រុមហ៊ុនរៀបចំបន្ទប់ពេទ្យ និងបន្ទប់ទារកដ្ធានឱ្យបានត្រឹមត្រូវ តាមពេទ្យការងារ។

៤. ពេលកម្មករដាក់ច្បាប់មានធុរៈម្តងម្កាល ស្នើរសុំក្រុមហ៊ុនកត់លុយព្រីមទៅតាមរូបមន្ត សមាមាត្រចំនួនថ្ងៃដែរកម្មករបានឈប់។

៥. ពេលកម្មករឈប់មានធុរៈដោយមិនបានដាក់ច្បាប់ក្រុមហ៊ុនមិនត្រូវកាត់លុយនៅថ្ងៃធ្វើការចំនួន០៣ថ្ងៃនោះទេ(ឈប់មួយថ្ងៃកាត់មួយថ្ងៃ)។

៦. ក្រុមហ៊ុនត្រូវអនុញ្ញាតឱ្យកម្មករ ប្រើច្បាប់ពិសេស។

៧. ក្រុមហ៊ុនមិនប្តូរកាតកម្មករ និងធ្វើកាតថ្មីដើម្បីឱ្យកម្មករក្លាយជាកម្មករសាកល្បងនោះទេ។

៨. ក្រុមហ៊ុនត្រូវអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះបានទៅពិនិត្យផ្ទៃពោះ និងសុខភាពបាន១ថ្ងៃ ក្នុងមួយខែ ត្រូវរក្សាប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗឱ្យនៅដដែល។

៩. អំឡុងពេលធ្វើការតវ៉ា សូមឱ្យក្រុមហ៊ុនរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗឱ្យនៅដដែល និង មិនត្រូវគុំគួនកម្មករទេ ព្រោះអង្គហេតុ។
បច្ចុប្បន្ន មិនទាន់មានដំណោះស្រាយ ហើយតំណាងសហជីពបាន ទៅជួបប្រជុំដោះស្រាយជាមួយតំណាងរោងចក្រ និងក្រសួងការងារ។

ចំណែកក្រុមកម្មករដែរតវ៉ាពួកគាត់ មិនទាន់ចូលធ្វើការវិញទេ ដោយពួកគាត់បញ្ជាក់ថា បើថៅកែរោងចក្រចង់បញ្ឈប់ពួកគាត់ក៏បញ្ឈប់ចុះ ឱ្យតែបើកប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗឱ្យពួកគាត់ឱ្យគ្រប់ចំនួនតាមច្បាប់ការងារ៕

ដោយ៖ ឌីយ៉ាម៉ង់