បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមានវត្តសរុបចំនួនជាង៥ពាន់វត្ត ព្រះសង្ឃជាង ៧ម៉ឺនអង្គ
អត្ថបទ៖ លោក ហ៊ន សុភ័ក្រ
រូប៖ លោក អេង សុគុណ និងលោក លឹម មុនី
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងថា «បច្ចុប្បន្ននៅទូទាំងប្រទេសមានវត្តសរុបចំនួនជាង៥១៣៣ វត្ត (មហានិកាយចំនួន ៤ ៨៦៦ វត្ត និង ធម្មយុត្តិចំនួន ២៦៧ វត្ត) និងមានព្រះសង្ឃសរុបចំនួន ៦ម៉ឺន៨ពាន់ ៩៦៧ អង្គ (មហានិកាយចំនួន ៦ម៉ឺន៦ពាន់៦០៩ អង្គ និងធម្មយុត្តិចំនួន ២ពាន់៣រយ ៥៨ អង្គ)»។
នេះជាការថ្លែងរបស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតនាព្រឹកថ្ងៃទី១៧ ខែវិច្ជិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្តម ចាយ បូរិន បានថ្លែងថា «ក្រសួងធម្មការនិងសាសនាក៏បានយកចិត្តទុកដាក់លើវិស័យពាហិរសាសនា ក្នុងនោះមាន សាសនាឥស្លាម មានវិហារ ៥៩៣ ស៊ូរាំវមាន៨២៨ សាលាមាន ៥៩៨ ដែល មានបរិស័ទចំនួន ៧០ម៉ឺន១ពាន់៥០៨ នាក់ គ្រឹស្តសាសនានិកាយកាតូលិកមានវិហារ ២ពាន់២៣១ សាលាមានចំនួន ៩៤១ បរិស័ទចំនួន ១០ម៉ឺន៩ពាន់៧៥២ នាក់ និកាយប្រូតេស្តង់ មានវិហារ៦០១ សាលា ៨៨៣ ស្នាក់ការ ១ពាន់៥២២ បរិស័ទចំនួន ៩ម៉ឺន៦ពាន់ ៥រយ ៨៧នាក់ និងមាននិកាយផ្សេងៗទៀតសរុបបរិស័ទចំនួន ២ម៉ឺន៣ពាន់៤៩៨នាក់ ។
រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យព្រះពុទ្ធសាសនាបានចាប់ផ្ដើមចេញពីចំណុចសូន្យ មកទទួលបាន នូវសិទ្ធិសេរីភាពពេញលេញក្នុងការគោរពកាន់ព្រះពុទ្ធសាសនាឡើងវិញ ដោយផ្តើមចេញពីព្រះសង្ឃមតែចំនួន៧អង្គប៉ុណ្ណោះ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាលកន្លងមក ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបានបន្តដឹកនាំក្នុងនីតិកាលទី៧ នៃរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុឆន្ទៈ និងមនសិការក្នុងការលះបងអស់កម្លាំងកាយចិត្ត និងស្មារតីដើម្បីដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនៅកម្ពុជាប្រកបដោយសុខដុមរមនា៕