ឈ្មួញវៀតណាមដែលល្បីប្រមូលទិញបទល្មើសនេសាទ និងដឹកជញ្ជូនលៀសទៅវៀតណាម បានជេរប្រមាថមន្ត្រីជំនាញជលផល និងបរិស្ថានកំពង់ធំ ក្រោយបែកធ្លាកសំណូកសូកប៉ាន់

កំពង់ធំ៖ សកម្មភាពនេសាទលៀសដោយប្រើឧបករណ៍ឆក់កាវ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ នៅចំណុចកោះតាបរ ស្នែងក្របី និងទន្លេរឆ្មា ក្នុងភូមិសាស្ត្រឃុំពាមបាង និងឃុំផាត់សណ្ដាយ ខេត្តកំពង់ធំ ដោយសារតែមានឈ្មួញល្បីៗឈរចាំប្រមូលទិញ ដើម្បីយកទៅប្រទេសវៀតណា។
ការប្រមូលដឹកជញ្ជូនលៀស តាមកាណូតធំៗមួយថ្ងៃៗរាប់សិបគ្រឿងពីតំបន់បឹងទន្លេរសាបយ៉ាងអណាធិបតេយ្យនេះ ត្រូវបានធ្វើឡើងដោយច្រកដាក់ការ៉ុង រួចដឹកតាមរថយន្តចេញទៅវៀតណាម ដោយមានឈ្មួញជាជនជាតិវៀតណាម ឈ្មោះ គីម អ៊ីម អ្នកឈរប្រមូលទិញនៅឃុំឆ្នុកទ្រូ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
យោងតាមប្រភពព័ត៌មានពីកម្មករនេសាទឆក់កាវលៀសខុសច្បាប់ទាំងនោះ បានឱ្យដឹងថា លៀសទាំងនោះពួកគេបានកាវកើបយកពីក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំ និងទឹកដីខេត្តពោធិ៍សាត់ ហើយបាននាំគ្នាដឹកយកទៅលក់ឱ្យមេឈ្មួញឈ្មោះ គីម អ៊ីម នៅមាត់ទឹកកំពង់ឆ្នុកទ្រូ។ ពួកគាត់បានខ្សឹបឱ្យដឹងថា ក្នុងមួយថ្ងៃៗពួកគាត់អាចកាវលៀសបានចំនួន ២តោន ទៅ៣តោន ដើម្បីដឹកទៅលក់ឱ្យយាយអ៊ីម នៅខាងឆ្នុកទ្រូ ស្រុកបរិបូរណ៍។
ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះក្នុងរូបភាពទ្រង់ទ្រាយធំបែបនេះ គេសង្កេតឃើញកើតមានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើក ពោលគឺ ខួបប្រាំងខួបវស្សា ហើយគេប្រើឧបករណ៍កាវលៀសវែងៗឆក់បានទាំងតូច ទាំងធំ ដែលអាចកាវចូលដល់ជម្រៅបាតទន្លេទៀតផង។ ចំណែកម៉ាស៊ីនដែលគេប្រើសម្រាប់អូស និងកាវលៀសវិញ ទូកខ្លះដាក់ម៉ាស៊ី៤ទៅដល់៦គ្រឿង។
ពាក់ព័ន្ធនឹងករណីនេះ ប្រភពព័ត៌មានដែលអាចទុកចិត្តបាន បង្ហើបឱ្យដឹងថា មេឈ្មួញឈ្មោះ គីម អ៊ីម ប្រមូលទិញលៀសដោយមិនញញឺតនេះ ដោយសារគាត់រៀបជាកញ្ចប់ឱ្យទៅឈ្មោះ ងិន វាសនា ជាអ្នករត់ការក្នុងមួយទូកត្រូវបង់ ៧០ម៉ឺនរៀល ដើម្បីឲ្យឈ្មោះ ងិន វាសនា រត់ការជាមួយមន្ត្រីជំនាញជលផល និងមន្ត្រីពាក់ព័ន្ធនៅខាងកំពង់ធំ រួចហើយទើបគេអាចចូលកាវលៀសនោះបាន។
ជាក់ស្ដែងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈមានទូកកាវលៀសចំនួន ៧គ្រឿង ដឹកយមមកលក់ឲ្យឈ្មួញឈ្មោះយាយ អ៊ីម បានឱ្យដឹងថា គាត់រកស៊ីប្រមូលទិញលៀសយូរឆ្នាំមកហើយ គ្មានទើសអ្នកណាទេ ហើយឈ្មួញរូបនេះថែមទាំងបានជេរប្រមាថកប់ៗមាត់ និងចោទមិនសំចៃមាត់យ៉ាងដូច្នេះថា៖ “មន្ត្រីជលផលខាងខេត្តកំពង់ធំស៊ីលុយគាត់រួចហើយ គឺគ្មានអាឆ្កែណាហ៊ានអើតក្បាលមកហាមឃាត់គាត់បានទេ”។
ទាក់ទងករណីនេះ មន្ត្រីបឹងទន្លេសាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ថា ការនេសាទលៀសប្រើដោយកម្លាំងម៉ាស៊ីន គឺខុសច្បាប់ស្ដីពីជលផល មិនអនុញ្ញាតជាដាច់ខាត។ បច្ចុប្បន្នដែលមានការអនុញ្ញាតឱ្យពលរដ្ឋមួយចំនួន ដឹកជញ្ជូនលៀសយកទៅផ្គត់ផ្គង់ក្នុងទីផ្សារ ដោយសារតែយល់ឃើញថា ពួកគាត់មិនមានដីសម្រាប់ធ្វើស្រែ ហេតុនេះហើយទើបបានអនុគ្រោះឱ្យពួកគាត់ខ្លះ តែសូមឲ្យពួកគាត់អនុវត្តទៅតាមការណែនាំរបស់មន្ត្រីជំនាញ ដោយមិនអនុញ្ញាតឱ្យពួកគាត់ដឹកលៀសឆាកា ឬលៀសចំណីសត្វយកទៅលក់នោះឡើយ។
ទាក់ទិននឹងបញ្ហានេះ បើទោះបីមុខរបអូសកាវលៀងក្នុងភូមិសាស្ត្រខេត្តកំពង់ធំកើតមានតាំងពីយូរមកហើយក៏ដោយ ក៏រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់ឃើញមន្ត្រីជំនាញជលផល បញ្ចេញស្នាដៃបង្គ្រាបទូកអូសលៀសនៅឡើយទេ។
ដោយសារសកម្មភាពនេះមន្ត្រីជំនាញរដ្ឋបាលជលផលម្នាក់ បានឱ្យដឹងថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេនេះ ច្បាប់ស្ដីពីជលផលបានហាមដាច់ខាតការនេសាទប្រើដោយកម្លាំងម៉ាស៊ីនធំៗ ព្រោះវាបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេ ព្រោះ លៀស ខ្យង ខ្ចៅ និងគ្រុំ នៅបាតទន្លេយូរៗទៅវានឹងរលួយ ហើយក្លាយជាចំណីរពពួកត្រីធំៗជាច្រើនប្រភេទ ដូចជាប្រភេទត្រីប្រាខ្ចៅ ត្រីប្រម៉ា ត្រីដំរី ត្រីគល់រាំង ត្រីសណ្ដាយ ត្រីក្រពាត់ ត្រីគ្រុំ និងពពួកត្រីល្អៗជាច្រើនប្រភេទទៀត។
មិនតែប៉ុណ្ណោះផ្ទៃបាតភក់នៃទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ខាងលើពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។ ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។
ក្នុងសកម្មភាពនេះ ប្រជាពលរដ្ឋបានស្នើដល់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារនេសាទ ស្នើឱ្យមានចំណាត់ការទប់ស្កាត់ចំពោះការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនឆក់តាមច្បាប់ស្ដីពីជលផល ព្រោះថា មិនត្រឹមតែលៀសមួយមុខទេ សូម្បីពូជត្រីកម្រ ក៏នឹងត្រូវវិនាសបាត់បង់ពីផ្ទៃបឹងទន្លេសាបអស់ជាមិនខាននោះឡើយ៕
ដោយ៖ ស៊ុម ស៊ីថាវរី










