សង្គម

ក្រសួងវប្បធម៌ ប្រកាស និងប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ដល់បេក្ខជនដែលដាក់ស្នាដៃប្រលងចំនួន ១០រូប

image


ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាស និងប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣ ដល់បេក្ខជនដែលដាក់ស្នាដៃប្រលងចំនួន ១០រូប ក្នុងចំណោមបេក្ខជន ១១៤ស្នាដៃ។ ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។


ជ័យលាភីពានឥន្ទ្រទេវី២០២៣ ផ្នែកប្រលោមលោកខ្នាតខ្លី បានទៅលើ ទី១ រឿងព្រលឹងគុហនគរ និពន្ធដោយលោក ផាត ភឿក មកពីខេត្តកំពង់ចាម ទី២ រឿងរចនា និពន្ធដោយ លោកស្រី ធា សុភី បកពីរាជធានីភ្នំពេញ ទី៣ រឿងរាជិនីល្បុក្កតោ និពន្ធដោយ លោក វង្ស សុភាជ មកពីខេត្តព្រៃវែង ទី៤ រឿងភ្លើងឆេះរោងរបាំ និពន្ធដោយ លោក ចាន់ ថាភារុន មកពីខេត្តកំពង់ចាម និងទី៥ រឿងមេ និពន្ធដោយ កញ្ញា ជា សុលីនី មកពីរាជធានីភ្នំពេញ។


ចំណែកជ័យលាភីពានឥន្ទ្រទេវី២០២៣ ផ្នែកកំណាព្យរឿង ទី១ រឿងវណ្ណៈស្នេហ៍ប្រែព័ណ៌ និពន្ធដោយ លោក ចំរើន សុភ័ក្ត្រ មកពីខេត្តខេត្តកំពត ទី២ រឿងរំដួលវត្តី និពន្ធដោយ លោក សុវណ្ណ សិរីវុឌ្ឍ មកពីរាជធានីភ្នំពេញ ទី៣ រឿងសម្បាច់នារី និពន្ធដោយ លោក ទៀង ធន មកពីខេត្តព្រៃវែង ទី៤ រឿងវិមានម៉ារ៉ានី និពន្ធដោយ លោក ស៊ឹម គឹមសាត មកពីខេត្តត្បូងឃ្មុំ និងទី៥ រឿងមាសទឹកដប់ និពន្ធដោយ កញ្ញា កាន ស្រីនីត មកពីខេត្តព្រៃវែង។


សូមបញ្ជាក់ថា ឆ្នាំ២០២៣ មានបេក្ខជនដាក់ស្នាដៃប្រលងតែងនិពន្ធចំនួន ១១៤ស្នាដៃ ក្នុងនោះប្រលោមលោកខ្នាតខ្លី ចំនួន៨៦ស្នាដៃ និងកំណាព្យរឿងចំនួន ២៨ស្នាដៃ។ ការទទួលស្នាដៃប្រលងតែងនិពន្ធឆ្នាំ២០២៤ នឹងចាប់ផ្តើមទទួលពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា