លោក ពេជ្រ ភារុណ អតីតតារាភាពយន្តល្បីឈ្មោះ ទទួលមរណភាព ក្នុងវ័យ ៦៨ឆ្នាំ
ភ្នំពេញ៖ លោក ពេជ្រ ភារុណ អតីតតារាភាពយន្តល្បីឈ្មោះទសវត្សរ៍ឆ្នាំ៨០-៩០ និងជាអតីតស្វាមីអ្នកស្រីអម្ពរ ទេវី បានទទួលមរណភាពហើយ ក្នុងវ័យ ៦៨ឆ្នាំ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ នៅថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ ២០២៣។
នៅរសៀលថ្ងៃនេះ តារាសម្តែងល្បីឈ្មោះអ្នកស្រី អម្ពរ ទេវី នៅលើទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «Ampor Tevi Hap» បានបង្ហោះសារដ៏រន្ធត់ចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះការទទួលមរណភាពរបស់លោក ពេជ្រ ភារុណ ដោយភ្ជាប់រូបថតចំនួន ៣សន្លឹកផងដែរ។
អ្នកស្រី អម្ពរទេវី បានសរសរដូច្នេះថា៖« គ្រាន់តែបានទទួលដំណឹងភ្លាម ខ្ញុំសែនរន្ធត់ចិត្តណាស់។ សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់បង បានទៅកាន់ទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
ទោះបីឃ្លាតឆ្ងាយពីអាជីពសម្តែងនៅមុខកាមេរ៉ាជាង ២០ឆ្នាំកន្លងមកនេះ អតីតតារាសម្តែង ពេជ្រ ភារុណ ក៏មិនបានចាកចេញទៅណាចោលមាតុភូមិដែរ ដោយលោកបានសំងំរស់នៅយ៉ាងសុខសាន្តក្នុងប្រទេស ជាមួយនឹងអាជីពច្នៃម៉ូដសម្លៀកបំពាក់ និងកាត់ដេរខោអាវ នៅក្បែរផ្សារចាស់ ដែលជាផ្ទះរបស់លោកផ្ទាល់។
សូមរំលឹកប្រាប់ថា អតីតតារាសម្តែងភាពយន្តរូបរាងស្រស់សង្ហា និងមុខមានមន្តស្នេហ៍ លោកពេជ្រ ភារុណ គឺជាអតីតស្វាមីតារាសម្តែងភាពយន្តដ៏ល្បីល្បាញ គឺអ្នកស្រី អម្ពរ ទេវី ទោះបីជាបញ្ចប់និស្ស័យជាប្តីប្រពន្ធពិតមែន ប៉ុន្តែអតីត ប្តីប្រពន្ធតាភាពយន្តមួយគូនេះនៅតែស្រឡាញ់រាប់អានគ្នាដដែល។
ទោះជាយ៉ាងណាបណ្តាញសារព័ត៌មាននៃទូរទស្សន៍ CNC នៅរសៀលថ្ងៃនេះ ពុំទាន់អាចសុំការបញ្ជាក់បន្ថែម ពីគ្រួសារសពបាននៅឡើយទេ អំពីមរណភាពនេះ៕