ព័ត៌មានជាតិ

ទូក ង មហាទន្សាយតេជោសែនជ័យ មកពីស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស

image


កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ទូក ង មហាទន្សាយតេជោសែនជ័យ មកពីស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ក្នុងផែនគូពិសេស។ ទូក ង មហាទន្សាយតេជោសែនជ័យ ទទួលបានជ័យជម្នះលេខ១ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ដោយប្រើថេរៈវេលា ២៨.០៥.៣៣នាទី ខណៈដែលទូក ង ដែលទទួលបានជ័យជម្នះផ្សេងទៀត ចាប់ពីលេខ២ ដល់លេខ ៧ ខុសពេលវេលាគ្នាមិនដល់២៥វិនាទីផង។

លោក អ៊ុន ចាន់ដា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានជួយឧបត្ថម្ភទូក ង ចំនួន៦ មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានជួយឧបត្ថម្ភទូក ង ចំនួន ២ មកពីស្រុកកងមាស និងស្រុកកោះសូទឹន ខេត្តកំពង់ចាម។

ចំណែក លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ចាម និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០លានរៀល ភេសជ្ជៈ និងទឹកបរិសុទ្ធចំនួន ១.៣០០កេស ដល់ទូកទាំង៣៨ មកពីខេត្តកំពង់ចាម រួមទាំថ្នាក់ដឹកនាំជាច្រើនរូបទៀត៕


ដោយ៖ ហៀង ថាច