សង្គម

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ផ្តល់អាហារូបករណ៍ជាង ៨០០ កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

image


ប៉ៃលិន៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៨១០នាក់ លើមុខជំនាញសំខាន់ៗចំនួន ០៦ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។

អ្នកគ្រូ យឿន ចាន់ឌី នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានឱ្យដឹងនៅព្រឹកថ្ងៃទី​២១​ ខែធ្នូ​ ឆ្នាំ២០២៣​នេះថា​៖​ ការបណ្តុះបណ្តាលជំនាញចំនួន ០៦មានដូចជា៖ ជំនាញការដំឡើងបណ្តាញអគ្គីសនីក្នុងអគារ, ជំនាញការថែទាំ និងជួសជុលអគ្គីសនីរថយន្ត, ជំនាញការរចនាក្រាហ្វិចដោយកុំព្យូទ័រ, ជំនាញ សេវាកម្មកុំព្យូទ័រ, ជំនាញ បរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, ជំនាញ ការដាំ ថែទាំ និងប្រមូលផលមៀនប៉ៃលិន។

អ្នកគ្រូ បានបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះយុវជនត្រូវមានអាយុចាប់ពី១៥ឆ្នាំ ដល់ ៦៥ឆ្នាំ ។ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មជ្ឈមណ្ឌលនឹងផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ជាពិសេសនោះ គឺកន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះយុវជននឹងទទួលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសសិក្សាបន្ត ផងដែរ ។

ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល។ ការប្រកាសផ្តល់អាហាររូបករណ៍ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ គឺធ្វើឡើងក្រោយពេលដែលរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដើម្បីឱ្យមានជំនាញជាក់លាក់ និងឆាប់មានការងារធ្វើសមរម្យ។

អ្នកគ្រូនាយិកា បានបន្តថា បច្ចុប្បន្ន លោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលបានសហការជាមួយអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយជ្រើសរើសសិស្សគ្រួសារក្រីក្រ និងងាយរងហានីភ័យ តាមបណ្តាភូមិ-ឃុំ ក្រុង-ស្រុក ខេត្តប៉ៃលិន ដើម្បីចុះឈ្មោះចូលសិក្សាលើជំនាញខាងលើផងដែរ។

ដោយ​៖​ សុខ​ វិច្ឆ័យ