ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីហុងកុងនិងជាសកម្មជនប្រជាធិបតេយ្យលោក Jimmy Lai បដិសេធមិនទទួលកំហុសក្នុងការជំនុំជម្រះក្តីក្រោមច្បាប់សន្តិសុខជាតិ

image


ហុងកុង៖ មហាសេដ្ឋីហុងកុងនិងជាសកម្មជនប្រជាធិបតេយ្យ លោក Jimmy Lai បានឆ្លើយបដិសេធមិនទទួលកំហុសនៅមុខតុលាការទីក្រុងហុងកុងនៅឯដំណើរការជំនុំជម្រះក្តីមួយដើម្បីប្រឆាំងនឹងរូបលោក ក្រោមច្បាប់ស្តីពីសន្តិសុខជាតិដែលបង្កើតឡើងដោយរដ្ឋាភិបាលចិន។

តុលាការហុងកុងបានធើ្វការចោទប្រកាន់លោក jimmy Lai ចំនួនពីរករណី រួមមាន ទោសផ្សំគំនិតជាមួយភ្នាក់ងារបរទេស និងជំរុញឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើហុងកុងនិងក្រុមអាជ្ញាធរចិន។ បន្ថែមពីនេះ លោក jimmy Lai ដែលមានវ័យ៧៦ឆ្នាំ ក៏ត្រូវតុលាការចោទប្រកាន់ពីបទផ្សំគំនិតក្នុងការផ្សព្វផ្សាយសារនយោបាយដែលមានលក្ខណៈញុះញង់ដើម្បីជំរុញឱ្យមានការងើបបះបោរនៅហុងកុង តាមរយៈកាសែតក្នុងស្រុកមួយឈ្មោះ Apply Daily ក្នុងអំឡុងស្ថានការណ៍នៅហុងកុងកំពុងតែមានភាពចលាចលពីចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ។

ការជំនុំជម្រះក្តីរបស់អាជ្ញាធរហុងកុងលើលោក jimmy Lai ត្រូវសហរដ្ឋអាម៉េរិកនិងចក្រភពអង់គ្លេសបង្ហាញការរិះគន់ខ្លាំងៗ និងបានអំពាវនាវឱ្យមានការដោះលែងរូបលោកជាបន្ទាន់ ដោយចាត់ទុកការចោទប្រកាន់ទាំងអម្បាលម៉ាន ថាជាហេតុផលនយោបាយ ប៉ុន្តែសំណើនេះត្រូវអាជ្ញាធរហុងកុងធើ្វការបដិសេធនិងបានលើកឡើងថា ដំណើរការកាត់ទោសនេះធើ្វឡើងទៅតាមច្បាប់ស្តីពីសន្តិសុខជាតិរបស់ហុងកុង ជាច្បាប់មួយបានជួយធើ្វឱ្យស្ថានការណ៍នៅហុងកុងមានស្ថិរភាពល្អប្រសើរឡើងវិញដូចសព្វថ្ងៃ ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect