សិស្សនិទ្ទេសA ១៨៨នាក់ នៅខេត្តសៀមរាប ទទួលបានម៉ូតូម្នាក់មួយគ្រឿងពីសម្តេចពិជ័យសេនា ទៀ បាញ់

សៀមរាប៖ បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០២៣ ដែលបានលទ្ធផលនិទ្ទេស A ចំនួន ១៨៨នាក់ ទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង និងសាំង៥២លីត្រ មួកសុវត្ថិភាព១ ស្លាកលេខម៉ូតូ និង លិខិតសរសើរ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប។ ពិធីប្រគល់ម៉ូតូនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា បេក្ខជននិទ្ទេសA ក៏ដូចលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អនៅកម្ពុជា ជាពិសេសខេត្តសៀមរាបបានល្អប្រសើរ។ ក្នុងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតសំខាន់ក្នុងវិស័យអប់រំ លើការបណ្តុះបណ្តាលធនធានមនុស្ស ដោយបានជំរុញដល់សិស្សទាំងអស់ ត្រូវខិតខំសិស្សតាមបែបឌីជីថល ហើយត្រូវខិតខំសិក្សាស្វែងយល់ឲ្យទាន់នាសម័យទំនើបនេះ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិ ត្រូវបន្តនូវថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យ នូវមុខវិជ្ជាដែលខ្លួនចង់បាន ព្រោះជាសរសស្តម្ភដ៏រឹងមាំ និងជាធនធានមនុស្សបន្តវេន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ឱ្យដូចបណ្តាប្រទេសជឿនលឿននៅលើសកលលោក។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានឲ្យដឹងថា សម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២-២០២៣ សម័យប្រលងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាប មានមណ្ឌលប្រលងចំនួន ១៦មណ្ឌល ស្មើរនឹង៤៣៦បន្ទប់ ដែលមានសិស្សប្រឡងសរុប ១០ពាន់ ៦៧៣នាក់។ សិស្សប្រឡងជាប់ចំនួន ៨ពាន់ ៦៣៣នាក់ ស្មើនឹង៨០,៨៩%។ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A ចំនួន១៨៨នាក់, និទ្ទេស B ចំនួន ៦៤៦នាក់, និទ្ទេសC ចំនួន១ ពាន់៧៤២នាក់ និទ្ទេស D ចំនួន៣ពាន់ ៩៤នាក់ និងនិទ្ទេសE ចំនួន ២ពាន់ ៩៦៣នាក់៕
អត្ថបទ៖ ជា ស្រស់











