ការកក់ស្ទះចរាចរណ៍តាមបណ្ដោយផ្លូវលេខ២៣០ ជាប់របងម៉ុងឌីយ៉ាល់ នៅតែជាបញ្ហាសម្រាប់អ្នកធ្វើដំណើរ
ភ្នំពេញ៖ ក្រុមអាជីវករមួយចំនួនធំហាក់មិនចូលរួមសហការជាមួយអាជ្ញាធរឡើយ ដោយបន្តលក់ដូររហូតដល់ពេលថ្ងៃបន្ថែមទៀត បង្កការកកស្ទះដល់ពលរដ្ឋអ្នកធ្វើដំណើរយ៉ាងខ្លាំង តាមបណ្ដោយផ្លូវលេខ២៣០ ជាប់របស់ម៉ុងឌីយ៉ាល់ ទោះជាអាជ្ញាធរខណ្ឌទួលគោកបានចុះរៀបចំសណ្ដាប់ធ្នាប់ និងចងខ្សែមិនអនុញ្ញាតឱ្យអាជីវករលក់ដូរក៏ដោយ។ ការណ៍នេះ បង្ហាញថា ក្រុមអាជីវករលក់ដូរបន្លែផ្លែឈើ ហាក់មិនចូលរួមជាមួយអាជ្ញាធរ នៅបន្តតាំងលក់លើផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ និងបានទុកដាក់សំរាមមិនបានត្រឹមត្រូវ ធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំង។
ទាក់ទងនឹងបញ្ហានេះ អ្នកយកព័ត៌មាន CNC មិនទាន់សុំការអត្ថាធិប្បាយពីអាជ្ញាធរខណ្ឌទួកគោក បាននៅឡើងទេ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ ប៉ុន្តែកន្លងមកលោកអភិបាលខណ្ឌទួលគោក បានបញ្ជាក់ថា ការលក់ដូរតាមបណ្ដោយផ្លូវលេខ ២៣០ ពេលថ្ងៃគឺដាច់ខាតមិនអនុញ្ញាតឲ្យអាជីវករលក់បន្លែផ្លែឈើបន្តទៀតឡើយ ហើយពេលយប់អនុញ្ញាតឲ្យលក់ជាបណ្ដោះអាសន្នប៉ុណ្ណោះ និងមិនឲ្យតាំងលក់លើទ្រូថផ្លូវនោះទេ ដើម្បីពលរដ្ឋងាយស្រួលធ្វើដំណើរ នឹងធ្វើយ៉ាងណាពេលព្រឹកព្រលឹមម៉ោង ៦កន្លះទៅម៉ោង៧ព្រឹក បរិស្ថានអនាម័យត្រូវតែស្អាត៕
ដោយ៖ ឌីយ៉ាម៉ង់