យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍កូរ៉េអ៊ែរ និង យន្តហោះរបស់ក្រុមហ៊ុនកាថេយ៍ ប៉ាស៊ីហ្វិក ប៉ះទង្គិចគ្នានៅព្រលានយន្តហោះលើកោះ ហុកកៃដូ ប្រទេសជប៉ុន ពុំមានអ្នកដំណើររងគ្រោះឡើយ
ជប៉ុន៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េអ៊ែរឡាញស៍ (Korean Air Lines) បានប៉ះទង្គិចគ្នាជាមួយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ កាថេយ៍ ប៉ាស៊ីហ្វិក អ៊ែរវ៉េយ៍ (Cathay Pacific Airways) នៅឯអាកាសយានដ្ឋានញូវជីតូស (New Chitose) នៅលើកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន កាលពីល្ងាចថ្ងៃអង្គារ ខណៈដែលអាកាសធាតុកំពុងចុះត្រជាក់ខ្លាំងលាយឡំទៅដោយព្រិលទឹកកក នេះបើយោងតាមការបញ្ជាក់ពីក្រុមមន្ត្រីអាកាសចរណ៍របស់ក្រុមហ៊ុន Korean Air ។
មន្ត្រីអាកាសចរណ៍របស់ក្រុមហ៊ុនដដែលនេះ បានអះអាងបន្ថែមទៀតថា ជើងហោះហើរ Korean Air មានផ្ទុកមនុស្សសរុបទាំងអ្នកដំណើរ និងបុគ្គលិកនៅលើយន្តហោះចំនួន ២៨៩ នាក់ ។ មន្ត្រីអាកាសចរណ៍ បានរៀបរាប់ទៀតថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលយន្តហោះរបស់ក្រុមហ៊ុន Korean Air កំពុងរៀបចំហោះហើរចាកចេញពីអាកាសយានដ្ឋាន ។
ប្រព័ន្ធផ្សព្វផ្សាយឈ្មោះ (NTV) របស់ជប៉ុនបានលើកឡើងបន្ថែមទៀតថា មិនមានសេចក្តីរាយការណ៍លំអិតណាមួយពីអ្នករងរបួសនៅលើយន្តហោះដឹកអ្នកដំណើរទាំងពីរគ្រឿងនោះទេ ហើយក៏មិនមានករណីឆាបឆេះអ្វីដែរក្រោយការប៉ះទង្គិចគ្នានេះ ស្របពេលអ្នកសារព័ត៌មាននៅមិនទាន់អាចសុំការធ្វើអត្ថាធិប្បាយបានភ្លាមៗពីក្រុមហ៊ុន កាថេយ ប៉ាស៊ីហ្វិក អ៊ែរវ៉េយ៍ (Cathay Pacific Airways) ដែរ ។
រីឯមន្ត្រីរបស់ក្រុមហ៊ុនអាកាសចរណ៍វិញ បានសន្មតថា ដោយសារតែស្ថានភាពព្រិលធ្លាក់ខ្លាំង បានធ្វើឱ្យស្លាបយន្តហោះផ្នែកខាងឆ្វេងរបស់យន្តហោះ ក្រុមហ៊ុន Korean Air ប៉ះទង្គិចគ្នាជាមួយនឹងស្លាបកន្ទុយផ្នែកខាងស្តាំរបស់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ កាថេយ ប៉ាស៊ីហ្វិក (Cathay Pacific) ៕
ប្រែសម្រួលសង្ខេប៖ ឡេង លាងហេង
ប្រភព៖ Reuters Connect